​ស្រីលង្កា​ដោះលែង​អ្នកទោស​១,០០០​នាក់ ក្នុង​ថ្ងៃបុណ្យ Christmas

​មន្ត្រី​ពន្ធនាគារ​នៃ​ប្រទេស​ស្រីលង្កា បានឱ្យដឹង​នា​ថ្ងៃ​ចន្ទ​នេះ​ថា ប្រធានាធិបតី​ស្រីលង្កា លោក Ranil Wickremesinghe បានសម្រេច​ផ្តល់​ការលើកលែងទោស​ដល់ ទណ្ឌិត​សរុប​ចំនួន​ជាង​១,០០០​នាក់ ហើយ​បង្គាប់​ឱ្យ​ដោះលែង​ពួកគេ​ចេញពី​ពន្ធនាគារ​នៅ​ទូទាំងប្រទេស ដើម្បី​អបអរ​ឱកាស​ថ្ងៃបុណ្យ​ណូអែល ឬ Christmas​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃ​ចន្ទ ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​។​

​លោក Gamini Dissanayake ដែលជា​មន្ត្រី​ពន្ធនាគារ​ខាងលើ បាន​ប្រាប់ថា ក្នុងចំណោម​អ្នកទោស​សរុប​១,០០៤​នាក់ ដែល​ត្រូវបាន​ដោះលែង​នា​ថ្ងៃ​ចន្ទ​នេះ គឺ​រួមមាន​ទាំង​ពលរដ្ឋ​ស្រីលង្កា​ដែល​ត្រូវ​ជាប់​ឃុំឃាំង ដោយសារ​មិនអាច​បង់ប្រាក់​ពិន័យ​បាន​។ ស្រីលង្កា​តាមពិត​គឺជា ប្រទេស​មាន​អ្នក​កាន់​ពុទ្ធសាសនា​ភាគច្រើន ហើយ​ចំនួន​អ្នកទោស​ប្រហាក់ប្រហែលគ្នា ក៏ត្រូវ​បាន​ដោះលែង​ផងដែរ​កាលពី​ខែឧសភា ឆ្នាំនេះ នាឱកាស​បុណ្យ​វិសាខបូជា ដែលជា​ថ្ងៃបុណ្យ​ក្នុង​សាសនាព្រះពុទ្ធ​។​

​គួរ​បញ្ជាក់ថា ការលើកលែងទោស​ថ្មី​ចុង​ក្រោយនេះ​ធ្វើឡើង បន្ទាប់ពី​ប៉ូលិស​ស្រីលង្កា​ទើបតែ​បាន​ចាប់ខ្លួន មនុស្ស​សរុប​ជិត​១៥,០០០​នាក់ អំលុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​។ យោងតាម​សេចក្តីថ្លែងការណ៍​របស់​ប៉ូលិស ជនសង្ស័យ​ចំនួន​១៣,៦៦៦​នាក់ ត្រូវបាន​ចាប់ខ្លួន ខណៈ​ជន​ប្រើប្រាស់​គ្រឿងញៀន​ជិត​១,១០០​នាក់ ត្រូវបញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​របស់​យោធា ហើយ​គ្រឿងញៀន​ជិត​៤៤០​គីឡូក្រាម ត្រូវបាន​រឹបអូស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close