បង្ក្រាប​ករណី​ជួញដូរ​​គ្រឿងញៀន​ជិត​ ៦០​គីឡូក្រាម និង​សារធាតុ​ផ្សំ​ជាង ៣០០​គីឡូក្រាម ចាប់ខ្លួន​ជនបរទេស ៤​នាក់

​ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ រក្សាទុក​គ្រឿងញៀន ដោយ​ចាប់ខ្លួន​ជនបរទេស​ចំនួន ៤​នាក់ ដោយ​រឹបអូស​គ្រឿងញៀន​ជិត​៦០​គីឡូក្រាម និង​សារធាតុ​ផ្សំ​ជាង ៣០០​គីឡូក្រាម​។​
​ការបង្ក្រាប​នេះ​អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​, ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ និង​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឧត្ដមសេនីយ៍ឯក ឃឹ​ង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​

​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ កម្លាំង​ជំនាញ (​ក​១១) ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ី ផល្លា​, លោក ជាវ តុលា នាយករង​មន្ទីរ សហការ​ជាមួយ​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ដោយមាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក ស៊ន មុនី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដំណើរការ​ស្រាវជ្រាវ បង្ក្រាប​ករណី ជួញដូរ រក្សាទុក​គ្រឿងញៀន នៅ​ពីរ​គោលដៅ​ផ្សេងគ្នា ទី​១៖ នៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ទី​២៖ បុរី​មួយកន្លែង ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់​៖ ១. ឈ្មោះ XIE JIE ភេទ​ប្រុស ជនជាតិ​ចិន កើត​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​១៩៩៦, ២.​ឈ្មោះ LE MINH HUY ភេទ​ប្រុស ជនជាតិ​វៀតណាម កើត​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០០២, ៣.​ឈ្មោះ TRAN NGOC PHAT ភេទ​ប្រុស ជនជាតិ​វៀតណាម កើត​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០០១ និង​៤. ឈ្មោះ ZANG PEIPEI ភេទ​ប្រុស ជនជាតិ​ចិន កើត​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​១៩៩០​។

​សម្រាប់​វត្ថុតាង​ដែល​ចាប់​យកបាន​រួមមាន​៖ សារធាតុ​ញៀន​អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ ២៦ គីឡូក្រាម និង​៤៦​ក្រាម​, សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ២៨ គីឡូក្រាម និង ៣៨០​ក្រាម​, សារធាតុ​ញៀន​កេ​តា​មីន (Ketamine) ទម្ងន់ ៨៣២ ក្រាម​, សារធាតុ​ញៀន​នី​មេ​តា​ហ្សេ​ប៉ា​ម ទម្ងន់ ២ គីឡូក្រាម ៩៦៦​ក្រាម​។ សរុប​គ្រឿងញៀន ទម្ងន់ ៥៨ គីឡូក្រាម និង​២២៤ ក្រាម ជាមួយ​សារធាតុ​ផ្សំ​បង្កើន​បរិមាណ ទម្ងន់ ៣៣៦.៤០ គីឡូក្រាម និង​សារធាតុ​មិន​ច្បាស់ ៣ គីឡូក្រាម និង​៩៦៦ ក្រាម​។

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​រឹបអូស​បាន ត្រូវ​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close