មនុស្ស​ច្រើន​ជិត ៣​ម៉ឺន​នាក់ ត្រូវ​ជម្លៀស​ខ្លួន​ចេញពី​ទឹកជំនន់​នៅ​ម៉ា​ឡេ​ស៊ី

​រដ្ឋ Johor និង​រដ្ឋ Sabah គឺជា​រដ្ឋ​ចុងក្រោយបង្អស់​ក្នុងប្រទេស​ម៉ា​ឡេ​ស៉ី ដែល​រងគ្រោះ​ដោយសារតែ​ទឹកជំនន់ ដោយ​ចំនួន​សរុប​កើន​៦​រដ្ឋ ហើយ​ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​ខ្លួន​ទៅកាន់​ទីជម្រក​បណ្តោះអាសន្ន ចេញពី​រដ្ឋ​ទាំង ៦​កើនឡើង​ដល់ ២៨,៣១០​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ (​ម៉ោង​ក្នុង​តំបន់​)​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​២៧ ខែធ្នូ ឆ្នាំ​២០២៣​។​

​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ម៉ា​ឡេ​ស៉ី (Nadma) បាន​ឲ្យ​ដឹងថា Kelantan គឺជា​រដ្ឋ​ដែលមាន​អ្នក​ជម្លៀស​ខ្លួន​ច្រើនជាងគេ​គឺ​ចំនួន ១៧,៤៦៦​នាក់ ស្នាក់នៅ​ក្នុងចំណោម​មជ្ឈមណ្ឌល​សង្គ្រោះ​បណ្តោះអាសន្ន​ទាំង ៨៩​កន្លែង​។ រីឯ​អ្នក​ជម្លៀស​ខ្លួន​មកពី​រដ្ឋ Terengganu បាន​ថយចុះ​នៅ​មក​ត្រឹម​ចំនួន ១០,១០៣​នាក់​។ ចំណែក​អ្នក​មកពី​រដ្ឋ Pahang មាន​ចំនួន ៤៨៥​នាក់ ស្នាក់​នៅក្នុង​មជ្ឈមណ្ឌល​សង្គ្រោះ​បណ្តោះអាសន្ន​ចំនួន ៩​កន្លែង​។ រដ្ឋ Sabah មាន​ចំនួន ១៦៩​នាក់ ស្នាក់នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​បណ្តោះអាសន្ន​ចំនួន ៣​កន្លែង ខណៈ​អ្នក​មកពី​រដ្ឋ Johor មាន ៨៣​នាក់ ស្នាក់​នៅក្នុង​មជ្ឈមណ្ឌល​សង្គ្រោះ​បណ្តោះអាសន្ន​មួយកន្លែង​។ ដោយឡែក​មជ្ឈមណ្ឌល​ស​ង្គ្រោះ​បណ្តោះអាសន្ន​ទាំង ៩​ក្នុង​រដ្ឋ Pahang នៅតែ​បើកទ្វារ ហើយ​មួយ​ក្នុងចំណោម​នោះ​ដែល​ស្ថិតនៅ​តំបន់ Cameron Highlands បាន​បន្ត​ផ្តល់​កន្លែង​ស្នាក់​សម្រាប់​ជនរងគ្រោះ ៨៧​នាក់​ដែល​ត្រូវ​ផ្លាស់​ទីលំនៅ​ព្រោះតែ​បំណាក់​ដី​។​

​គួរ​បញ្ជាក់ថា ភ្លៀង​ដែល​កំពុង​បន្ត​ធ្លាក់ ក៏ត្រូវ​បាន​គេ​រំពឹងថា​នឹង​កើតឡើង​នៅ​ទូទាំង​រដ្ឋ Terengganu រដ្ឋ Pahang និង​រដ្ឋ Johor របស់​ម៉ា​ឡេ​ស៉ី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close