នៅព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប ឯកឧត្តម Jun TSUSHIMA និងឯកឧត្តម Arata TAKEBE សមាជិកសភាជប៉ុន និង ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅឯទីស្តីការក្រសួង ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ តំណាងសភាជប៉ុន មកកាន់កម្ពុជា និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលបាននិងកំពុងជួយគាំទ្រដល់ការអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រផ្នែកបច្ចេកទេសដល់កម្ពុជា។

ឯកឧត្តម Jun TSUSHIMA បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យលោក និងគណប្រតិភូចូលជួបពិភាក្សាការងារ។ ឯកឧត្តមបានមានប្រសាសន៍ថា ឆ្នាំនេះជាខួបលើកទី៦៥នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ហើយរាជរដ្ឋាភិបាលជប៉ុននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលបានបោះឆ្នោតគាំទ្រដល់ ជប៉ុន បានជាប់ជាប្រទេសម្ចាស់ផ្ទះក្នុងការរៀបចំពិរពណ៌ពិភពលោក នៅឆ្នាំ២០២៥ ហើយ ឯកឧត្តម ក៏បានអញ្ជើញថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមពិរពណ៌ពិភពលោក ឆ្នាំ២០២៥ នៅទីក្រុងនីពុងផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់រាជរដ្ឋាភិបាលជប៉ុន ជួយគាំទ្រដល់កិច្ចដំណើរការមជ្ឈមណ្ឌលភ្ញាស់ពូជត្រីនៅខេត្តព្រះសីហនុ និងស្នើគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលភ្ញាស់កូនត្រីទឹកសាបផងដែរ ដើម្បីជួយដល់ការបង្កើនជីវភាពប្រជាកសិករកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់ភាគីជប៉ុនជួយគាំទ្រដល់ការអភិវឌ្ឍន៍សហគមន៍កសិកម្ម និងគាំទ្រការអភិវឌ្ឍន៍ការចិញ្ចឹមសត្វនៅកម្ពុជាដោយប្រើប្រាស់ទឹកស្ពែមសិប្បនិមិ្មតស្រពតាមបរិបទថ្មីនៃដំណើរការវិវត្តន៍នៃបដិវត្តឧស្សាហកម្ម ៤.០ និងសម័យឌិជថល។ ជាចុងក្រោយឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់រាជរដ្ឋាភិបាលជប៉ុនជួយរៀបចំដំណើរទស្សនកិច្ចគ្រប់កម្រិតក្នុងការសិក្សាផ្លាស់ប្តូរបទពិសោធន៍ ដើម្បីស្វែងយល់បន្ថែមពីការវិវឌ្ឍន៍ផ្នែកកសិកម្មនៅប្រទេសជប៉ុន និងស្នើដល់ប្រទេសជប៉ុនពិនិត្យពិចារណាពីលទ្ធភាពក្នុងកៀរគរអ្នកវិនិយោគទុនមកធ្វើការវិនិយោគលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ក៏ដូចជាការទទួលទិញនូវផលិតផលកសិកម្មបន្ថែមពីកម្ពុជានាពេលខាងមុខ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close