ជប៉ុន៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ឆក់យកជីវិតមនុស្ស ៨នាក់
ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK បានរាយការណ៍ថាចំនួនអ្នកស្លាប់បានកើនដល់ ៨នាក់ នៅក្នុងខេត្ត Ishikawa ប្រទេសជប៉ុន ក្រោយគ្រោះរញ្ជួយដី កម្រិតធ្ងន់ ៧.៦រ៉ិចទ័រវាយប្រហារភាគកណ្ដាលនៃប្រទេស កាលពីថ្ងៃចន្ទ ទី១ ខែមករា ម្សិលមិញនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែមរា ឆ្នាំ២០២៤។
តាម NHK ក្នុងចំណោមជនរងគ្រោះទាំង៨ខាងលើ មានបុរសចំណាស់ម្នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ បន្ទាប់ពីត្រូវបានជួយសង្គ្រោះចេញពីផ្ទះមួយខ្នងដែល បានបាក់រលំ ដោយសារគ្រោះរញ្ជួយដី។ ចំណែក មនុស្សរាប់សិបនាក់ផ្សេងទៀតដែលបានរងរបួស ត្រូវបានរាយការណ៍នៅក្នុងខេត្ត shikawa, Niigata, Fukui, Toyama និងខេត្ត Gifu ខណៈក្នុងទីក្រុង Wajima នៃខេត្ត Ishikawa មានអគារជាងផ្ទះ និងហាងទំនិញជាង១០០ឆ្នាំត្រូវបានភ្លើងឆេះ បន្ទាប់ពីមាន ហេតុការណ៍គ្រោះរញ្ជួយដីកើតឡើង។ ទីក្រុង Wajima រងគ្រោះធ្ងន់ធ្ងរជាងគេពីគ្រោះរញ្ជួយដីនេះ។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន ការរំញ័រប្រហែលជា៩០ដងបានកើតឡើង ក្រោយគ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទ និងបង្ខំឱ្យអាជ្ញាធរប្រកាសអាសន្ន ពីរលកស៊ូណាមិ ព្រមទាំងបង្គាប់ការជម្លៀសប្រជាជន ទៅកាន់កន្លែងមានសុវត្ថិភាព។ ប៉ុន្តែ នៅព្រឹកថ្ងៃអង្គារនេះ ការប្រកាសអាសន្នពីរលកស៊ូណាមិ និងការណែនាំផ្សេងៗត្រូវបានដកចេញវិញ រីឯទំហំនៃការខូចខាតកំពុងស្ថិតនៅក្រោមការវាយតម្លៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។