ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី ២០៤​ដុល្លារ សម្រាប់​កម្មករ​ន​យោ​ជិត ដែល​ដំឡើង​ចាប់ពី​ខែមករា ឆ្នាំ​២០២៤​នេះ តទៅ​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៤​នេះ បានចេញ​សារ​អបអរសាទរ​ចំពោះ​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី ២០៤​ដុល្លារ សម្រាប់​កម្មករនិយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ ដែល​ចាប់ផ្តើម​ដំឡើង​ចាប់ពី​ខែមករា ឆ្នាំ​២០២៤​នេះ​តទៅ​។

​តាមរយៈ​បណ្តាញ​សង្គម សម្តេច​បានលើកឡើង​ដូច្នេះ​ថា​៖ «​អបអរសាទរ​! ចាប់ពី​ខែមករា ឆ្នាំ​២០២៤​នេះ​តទៅ បងប្អូន​កម្មករ និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ នឹង​ទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា ២០៤​ដុល្លារ ក្នុង ១​ខែ គឺ​កើន​ជាង​ខែធ្នូ ឆ្នាំ​២០២៣ ចំនួន​៤​ដុល្លារ​អាមេរិក​»​។​

​ចាប់ពី​ឆ្នាំ​២០២៤​នេះ​តទៅ កម្មករ​កម្មការិនី​ទាំងអស់​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​គោល​២០៤​ដុល្លារ​ក្នុង​មួយខែ​តាម​សេចក្តីសម្រេច​របស់ សម្តេចនាយក​រដ្ឋមន្ត្រី​ដែល​បាន​បន្ថែមចំនួន​២​ដុល្លារ​លើទឹក​ប្រាក់​២០២​ដុល្លារ​ដែល​សម្រេច​ដោយ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បរ​មា​ដែល​បោះឆ្នោត​ជ្រើសរើស​បន្ថែម​២​ដុល្លារ​លើ​ប្រាក់ខែ​គោល​ចំនួន​២០០​ដុល្លារ​នៅ​ឆ្នាំ​២០២៣​។​

​ក្រៅពី​ប្រាក់​ឈ្នួល​គោល​២០៤​ដុល្លារ​ហើយ​នោះ ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត ដែល​កម្មករនិយោជិត ទទួលបាន​កន្លងមក ត្រូវបាន រក្សាទុក​នៅ​ដដែល ដូចជា ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ស្នាក់នៅ​ចំនួន ៧​ដុល្លារ​អាម៉េរិក ក្នុង​មួយខែ​, ប្រាក់ រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន ១០​ដុល្លារ​អាមេរិក ក្នុង​មួយខែ​, ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការធ្វើការងារ​បន្ថែម​ម៉ោង ដោយ​ស្ម័គ្រចិត្ត​ចំនួន ២ ០០០​រៀល ក្នុង​មួយថ្ងៃ ឬ​ការទទួលបាន​បាយ​មួយពេល​ដោយ​ឥតគិតថ្លៃ​, និង​ប្រាក់ រង្វាន់​អតីតភាព​ការងារ​ចំនួន​ពី ២​ដុល្លារ​អាមេរិក ដល់ ១១​ដុល្លារ​អាមេរិក​ក្នុង​មួយខែ សម្រាប់​កម្មករនិយោជិត ដែល​បានធ្វើការ​ចាប់ពី​ឆ្នាំ​ទី​២ ដល់​ឆ្នាំ​ទី​១១​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្លាប់​បញ្ជាក់ថា ជា​មធ្យម​កម្មករនិយោជិត​ម្នាក់ៗ​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​យ៉ាងតិច​ចំនួន​ពី ២២១ (​ពីរ​រយ ម្ភៃ​មួយ​) ដុល្លារ​អាមេរិក ដល់ ២៣២ (​ពីរ​រយ​សាមសិប​ពីរ​) ដុល្លារ​អាម៉េរិក ក្នុង​មួយខែ​។ ក្រៅពី​ការដំឡើង ប្រាក់​ឈ្នួល​អប្បបរមា រាជរដ្ឋាភិបាល និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នឹង​បន្ត​ខិតខំ​សហការគ្នា​ដើម្បី​កាត់បន្ថយ បន្ទុក​ចំណាយ​នានា​របស់​បងប្អូន​កម្ម​ករ​និយោជិត​ជា​បន្តបន្ទាប់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close