ពលរដ្ឋថៃ និងចិន នឹងចេញចូលប្រទេសទាំងពីរ មិនចាំបាច់មានទិដ្ឋាការ ចាប់ពីខែមីនា ឆ្នាំនេះ
នាយករដ្ឋមន្ត្រីថៃ លោក Sritha Thavisin បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសថៃ និងចិននឹងលើកលែងជាអចិន្ត្រៃយ៍នូវតម្រូវការទិដ្ឋាការ សម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ដែលនឹងចាប់ផ្តើមអនុវត្តនៅក្នុងខែមីនាឆ្នាំនេះតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។
កាលពីខែកញ្ញា ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍មួយនេះ បានលើកលែងលក្ខខណ្ឌតម្រូវចូលប្រទេស សម្រាប់ភ្ញៀវទេសចរចិនរហូតដល់ខែកុម្ភៈឆ្នាំនេះ។
លោក Thavisin បានប្រាប់អ្នកយកព័ត៌មានដូច្នេះថា «វិធានការនេះនឹងធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរមានភាពកាន់តែល្អប្រសើរឡើង»។
ក្រសួងការបរទេសចិនបាននិយាយថា ប្រទេសទាំងពីរកំពុងធ្វើការដើម្បីបង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន តាមរយៈការលើកលែងគ្នាទៅវិញទៅមកពីតម្រូវការទិដ្ឋាការ។ អ្នកនាំពាក្យក្រសួងការបទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់របស់ខ្លួនយ៉ាងដូច្នេះថា « អាជ្ញាធរមានសមត្ថកិច្ចនៃភាគីទាំងពីរ កំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធលើបញ្ហានេះ ហើយទន្ទឹងរង់ចាំការអនុវត្តអ្វីដែលពាក់ព័ន្ធ»។
គួរបញ្ជាក់ថា បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ក្នុងឆ្នាំ ២០២៣ ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ២៨លាននាក់ ដោយលើសពីគោលដៅរបស់ខ្លួនបន្តិច និងបានបង្កើតប្រាក់ចំណូលបាន ១.២ពាន់ពាន់លានបាត ឬស្មើប្រមាណ ៣៤.៩៣ពាន់លានដុល្លារអាមេរិក។ ក្នុងចំណោមប្រទេសទាំងនេះ ម៉ាឡេស៊ីគឺជាទីផ្សារធំជាងគេបំផុត ដែលមានភ្ញៀវទេសចរចំនួន ៤.៥លាននាក់ បន្ទាប់មកគឺប្រទេសចិនដែលមាន ៣.៥លាននាក់។ មុនពេលការផ្ទុះឡើងនៃជំងឺកូវីដ១៩ ថៃបានទទួលភ្ញៀវទេសចរប្រមាណ ៣៩លាននាក់ ដោយក្នុងនោះចិនមានរហូតដល់ ១១លាននាក់៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។