ជើងហោះហើរពីទីក្រុងស៊ាងហៃ ត្រូវពន្យារពេល ដោយមានការព្រមានពីអ័ព្ទផ្សែងក្រាស់លើខេត្តមួយចំនួន
អ័ព្ទផ្សែងយ៉ាងក្រាស់កំពុងគ្របដណ្តប់លើខេត្តមួយចំនួនរបស់ចិន នៅថ្ងៃព្រហស្បតិ៍នេះ ដែលអាចបង្កជាគ្រោះថ្នាក់ និងនាំឲ្យមានការបិទផ្លូវហាយវ៉េ ពន្យារពេលជើងហោះហើរពីទីក្រុងស៊ាងហៃ ហើយមន្ត្រីឧតុនិយមក៏បានចេញការព្រមាន និងសេចក្តីណែនាំជាច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤។
មជ្ឈមណ្ឌលឧតុនិយមជាតិ បានឲ្យដឹងថា អ័ព្ទក្រាស់បានជះឥទ្ធិពលលើខេត្ត Shandong, Hubei, Hunan, Jiangxi និង Fujian ជាមួយនិងកម្រិតអាចមើលឃើញក្រោម ២០០ម៉ែត្រ ខណៈផ្នែកខ្លះនៃភាគខាងត្បូងខេត្ត Jiangsu និងភាគខាងត្បូងនៃខេត្ត Anhui មានកម្រិតអាចមើលឃើញក្រោម ៥០ម៉ែត្រ។ មន្ត្រីតាមដានអាកាសធាតុបានចេញការព្រមានពណ៌លឿង និងទឹកក្រូចសម្រាប់ផ្សែងអ័ព្ទ ចាប់ពីម៉ោង ៧ និង៤៥នាទីព្រឹក (ម៉ោងក្នុងតំបន់)។ អ័ព្ទនេះនឹងបន្តកើតឡើងពាសពេញតំបន់រហូតដល់ថ្ងៃសុក្រនេះ។
ទូរទស្សន៍ CCTV បានរាយការណ៍ថា ផ្នែកខ្លះនៃខេត្ត Anhui ត្រូវចេញការព្រមានពណ៌ក្រហមដែលជាកម្រិតធ្ងន់ធ្ងរបំផុត ហើយផ្លូវហាយវ៉េនានាត្រូវបិទចរាចរណ៍ជាបណ្តោះអាសន្ន។ នៅក្នុងទីក្រុង Nanjing រដ្ឋធានីរបស់ខេត្ត Jiangsu ទីតាំងជាច្រើនក៏បានរងនូវឥទ្ធពិលនៃអ័ព្ទក្រាស់ៗ រំខានដល់សេវាដឹកជញ្ជូនសាធារណៈក្នុងកម្រិតផ្សេងៗគ្នា។ បើតាម App តាមដានការហោះហើរ FlightView មានការពន្យារពេល ឬបង្វែរទិសដៅនៃជើងហោះហើរជាច្រើនចេញពីអាកាសយានដ្ឋានអន្តរជាតិ Shanghai Pudong ក្នុងរយៈពេលបីម៉ោងចុងក្រោយនេះដោយសារតែមានអ័ព្ទក្រាស់។
គួរបញ្ជាក់ថា ប្រព័ន្ធព្រមានអំពីអ័ព្ទក្រាស់របស់ចិន ចែកចេញជា ៣កម្រិត ដោយពណ៌ក្រហមគឺធ្ងន់ធ្ងរចបំផុត បន្ទាប់មកគឺពណ៌ទឹកក្រូច និងពណ៌លឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។