គ្រោះរញ្ជួយដីនៅជប៉ុន មានអ្នកស្លាប់កើនដល់ ១៦១នាក់ និងបាត់ខ្លួន ១០៣នាក់
ក្រុមមន្ត្រីនៅក្នុងប្រទេសជប៉ុន បានឱ្យដឹងនៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤នេះថាចំនួនអ្នកស្លាប់នៅក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅ បានកើនដល់១៦១នាក់ ខណៈព្រិលធ្លាក់កំពុងបង្កភាពស្មុគស្មាញដល់ប្រតិបត្តិការជួយសង្គ្រោះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បើតាមក្រុមមន្ត្រីនៅក្នុងខេត្ត Ishikawa ចំនួនអ្នកបាត់ខ្លួនថយចុះពី១៩៥នាក់ មកនៅត្រឹម១០៣នាក់។ ចំណែក ប្រជាជន ២០,៧០០គ្រួសារក្នុងខេត្តមួយ នេះគ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃអាទិត្យ និង៦៦,១០០គ្រួសារគ្មានទឹកប្រើគ្រប់គ្រាន់។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NHK កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍ទៅ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយថាការងារជាអាទិភាព គឺជួយសង្គ្រោះមនុស្សចេញពីគំនរបែកបាក់ និងផ្ដល់ជំនួយទៅកាន់សហគមន៍ដាច់ស្រយាល។
គួរបញ្ជាក់ថា ជប៉ុន កាលពីឆ្នាំ២០១១ បានរងគ្រោះដោយសារការរញ្ជួយដីដ៏មហាប្រល័យ បង្កជារលកយក្សស៊ូណាមិ និងដែលបានបន្សល់ទុកមនុស្ស ប្រហែលជា ១៨,៥០០នាក់ស្លាប់ ឬបាត់ខ្លួន ហើយបង្កជាគ្រោះមហន្តរាយនៅរោងចក្រនុយក្លេអ៊ែរ Fukushima ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។