ក្រសួងសុខាភិបាល ប្រកាស​ព័ត៌មាន​អំពី​ផលប៉ះពាល់​សុខភាព ដោយសារ​គ្រឿង​ស្រវឹង​

ក្រសួងសុខាភិបាល នា​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៤​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​ផលប៉ះពាល់​សុខភាព​ដោយសារ​ការប្រើប្រាស់​គ្រឿង​ស្រវឹង ព្រោះ​ជាតិ​អាល់កុល​ក្នុង​ផលិតផល​គ្រឿង​ស្រវឹង​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ភ្លាមៗ និង​រយៈពេល​យូរ ក្នុងនោះ​អាច​កើត​ឬ​ឆ្លង​ជំងឺ​ច្រើនជាង​១០​មុខ​។​

​ក្នុង​រយៈពេល​តែ​២​ទៅ​៣​នាទី​តែប៉ុណ្ណោះ ជាតិ​អាល់កុល​អាច​ជ្រៀប​ចូលដល់​ខួរក្បាល ហើយ​អាច​បង្ក​រោគសញ្ញា ទៅតាម​កំហាប់​ជាតិ​អាល់កុល ការចាប់ផ្តើម​និយាយ​ច្រើន ចលនា​អន់ថយ គំហើញ​ថយចុះ ក្អួតចង្អោរ ឬ​បាត់បង់​ស្មារតី ហើយ​ការទទួល​គ្រឿង​ស្រវឹង​ច្រើនពេក អាច​បង្ក​ឱ្យ​សន្លប់ ប្រឈម​នឹង​ជំងឺឆ្លង​ដូចជា​ជំងឺអេដស៍ និង​ជំងឺ​ផ្សេងៗ​ទៀត​។​

​ក្រសួង​បាន​បញ្ជាក់ថា គ្រឿង​ស្រវឹង​ក៏បង្ក​ឱ្យមាន​ផលប៉ះពាល់​រយៈពេល​វែង ដូចជា​៖

* ជំងឺ​ក្រិន​ថ្លើម ខូច​ថ្លើម​
* ជំងឺមហារីក​៖ មាត់ បំពង់ក បំពង់​អាហារ ថ្លើម ពោះវៀនធំ សុដន់​។​ល​។​
* ជំងឺមហារីក​ឈាម​
* ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ងាយ​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ការបង្ក​រោគ​
* បញ្ហា​សុខភាព​ផ្លូវចិត្ត​៖ ជំងឺ​ថប់​បារម្ភ (Anxiety) ជំងឺ​ធ្លាក់​ទឹកចិត្ត (Depression) មាន​ជំងឺ​វង្វេង​ពេល​ឈានចូល​វ័យ​ចំណាស់ (Dementia)
* ក្លាយជា​បុគ្គល​ញៀន​គ្រឿង​ស្រវឹង​
* អសមត្ថភាព​ផ្លូវភេទ​
* ជំងឺ​បេះដូង និង​សរសៃឈាម​
* ជំងឺ​សរសៃឈាម​ខួរក្បាល (​ស្ទះ ឬ​បែក​សរសៃឈាម​ខួរក្បាល​)
* ជំងឺ​ខ្សោយ​សាច់ដុំ និង​ឆ្អឹង​
* ទារក​មានការ​លូតលាស់​មិន​ប្រក្រតី​នៅក្នុង​ផ្ទៃ​ស្ត្រី​ប្រើប្រាស់​គ្រឿង​ស្រវឹង​អំឡុងពេល​ពរ​ពោះ​
* ជំងឺមិនឆ្លង​ផ្សេងៗ​ទៀត​៖ លើស​ជាតិ​អាស៊ីត លើស​សម្ពាធ​ឈាម លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម លើស​ជាតិ​ស្ករ (​ជំងឺ​ទឹកនោមផ្អែម​) អាច​វិ​វត្ត​ទៅរក​ផលវិបាក ធ្ងន់ធ្ងរ និង​ស្លាប់​មុន​អាយុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close