អាជ្ញាធរ​ជាតិ​អប្សរា ការជួសជុល​បង្កាន់ដៃ​នាគ​ប្រវែង​២៤​ម៉ែត្រ នៅ​ជ្រុង​ឦសាន​ខាង ក្នុង​រោងទង​ទី​១ នៃ​ប្រាសាទបន្ទាយ​សំ​រ៉ែ បានបញ្ចប់​ហើយ​

​ក្រុម​អភិរក្ស​ថ្ម​(SCU)​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួសជុល​បង្កាន់ដៃ​នាគ​ប្រវែង​២៤​ម៉ែត្រ នៅ​ជ្រុង​ឦសាន​ខាងក្នុង​រោងទង​ទី​១​នៃ​ប្រាសាទបន្ទាយ​សំ​រ៉ែ បញ្ចប់​ជា​ស្ថាពរ​ហើយ​កាលពី​ចុងឆ្នាំ​២០២៣​កន្លងទៅ​។ គម្រោង​នេះ​មាន​រយៈពេល​ប្រមាណ​៦​ខែ ដោយបាន​ចាប់ផ្តើម​តាំងពី​ពាក់កណ្តាល​ខែមិថុនា​ឆ្នាំ​២០២៣​មក​។​

​ប្រធាន​ក្រុមការងារ​អភិរក្ស​ថ្ម នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា លោក ឡុង ណា​រី បានឱ្យដឹងថា ការងារ​ជួសជុល​បង្កាន់ដៃ​នាគ ប្រវែង​២៤​ម៉ែត្រ នៅ​ជ្រុង​ឦសាន​ខាងក្នុង​រោងទង​ទី​១​របស់​ប្រាសាទបន្ទាយ​សំ​រ៉ែ​បានបញ្ចប់​កាលពី​ចុងឆ្នាំ​២០២៣​កន្លងទៅ​។ លោក ឡុង ណា​រី បន្តថា រចនា​សម្ពន្ធ​ង្កា​ន់​ដៃ​នាគ​របស់​ប្រាសាទបន្ទាយ​សំ​រ៉ែ បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ​ដោយ​រលំ​បាក់បែក​ជាច្រើន​បំណែក កន្លែង​ខ្លះ​ធ្លាក់​លើដី និង​ខ្លះទៀត ផ្អៀង​ទ្រេត​មិនមាន​លំនឹង​ធ្លាក់​ថ្ម​មកលើ​កម្រាល​ជាដើម​។​

​លោក ឡុង ណា​រី ឱ្យដឹងទៀតថា រយៈពេល​៦​ខែ ក្រុមការងារ​បាន​ប្រឹងប្រែង​ប្រមូល​បំណែក​ថ្ម​បង្កាន់ដៃ​នាគ ដែល​មាននៅ​និង​កន្លែង និង​ស្វែងរក​បំណែក​ខ្លះទៀត​ដែល​ចល័ត​ទៅ​ទីតាំង​ផ្សេងៗ យកមក​រៀបចំ​ផ្គុំ​ឡើងវិញ​ទៅតាម​លទ្ធភាព​ដែល​អាច​រកឃើញ​។ រីឯ ទីតាំង​មួយចំនួន​ដែល​មិនអាច​រកឃើញ គឺ​បាន​បន្ថែម​ថ្ម​ថ្មី​ជំនួស​ដើម្បីឱ្យ​បង្កាន់ដៃ​នាគ​រក្សាបាន​នូវ​ទម្រង់​ដើម និង​មាន​ភាពរឹងមាំ​ជាថ្មី​ម្តងទៀត​។​

​ក្រោយពី​ក្រុម​អ្នកជំនាញ​បានបញ្ចប់​ការងារ​ជួសជុល​បង្កាន់ដៃ​នាគ​នេះ បាន​ជួយ​លើក​សោភ័ណភាព​នៃ​ប្រាសាទ​នេះ​ឡើងវិញ ព្រមទាំង​មាន​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​ដែល​ទស្សនា​នៅ​ប្រាសាទបន្ទាយ​សំ​រ៉ែ​ដែរ​។ ជាមួយគ្នានេះ ក្រុម​អ្នកជំនាញ​ក៏​សំណូមពរ​ដល់​ភ្ញៀវទេសចរ​គ្រប់រូប សូមកុំ​អង្គុយ​ឬ​ផ្អែកលើ​សំណង់​បុរាណ​ដែល​ចាស់​ទ្រុឌទ្រោម​នេះ ដើម្បី​រួមគ្នា​ថែរក្សា​បន្ត​ទៅមុខទៀត ប្រយោជន៍​សម្រាប់​ភាព​គង់វង្ស​យូរអង្វែង​នូវ​មរតក​ដូនតា​របស់​យើងទាំងអស់គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close