សង្គមសត្វស្លាបនៅតំបន់អភិរក្សព្រែកទាល់កើនឡើង៣០ភាគរយ
មន្ត្រីបរិស្ថានខេត្តបាត់ដំបងបានឲ្យដឹងថា តំបន់អភិរក្សព្រែកទាល់ដែលជាដែនអភិរក្សសត្វស្លាបដ៏ធំមួយនៅកណ្តាលបឹងទន្លេសាប នៅពេលនេះសត្វស្លាបគ្រប់ប្រភេទកំពុងមានការកើនឡើងយ៉ាងច្រើននៅឆ្នាំ២០១៨នេះ។
លោក កប បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងដែលត្រូវដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា ចំនួនបក្សីបានកើនឡើង ៣០ភាគរយ បើធៀបទៅនឹង២ឆ្នាំមុន ដោយសារទីនេះវាបានប្រមូលផ្តុំសត្វស្លាបនានាមករស់នៅដែលទីនេះសម្បូរត្រីជាចំណីរបស់វាផង។ សត្វស្លាបបានកើន ២០ភាករយ បានមកពីការបន្តពូជកើតជាកូន ធ្វើសម្បុករស់នៅទីនេះតែម្តង និង ១០ភាគរយទៀតចូលមករស់នៅពីតំបន់ផ្សេងៗ ។ នៅឆ្នាំ២០១៨នេះ តំបន់អភិរក្សព្រែកទាល់ស្ទើរតែគ្មានបទល្មើសទាំងការលួចចូលយកពងសត្វ និង លួចចូលចាប់ត្រីក្នុងដែនការពារនោះឡើយ ។
តំបន់អភិរក្សព្រែកទាល់ គឺជាកន្លែងសត្វស្លាបរស់នៅដ៏ធំមួយ មានសក្តានុពលខ្ពស់ ដែលធ្វើឲ្យពពួកសត្វស្លាប ១១០ប្រភេទ រស់នៅជាមួយគ្នាបានដោយសុខដុមរមនា។ ដើមឈើមួយចំនួនធំគេឃើញមានសម្បុកសត្វស្លាប កំពុងក្រាបពងកូន និង សំឡេងសត្វស្រែកយ៉ាងកងរំពង និងហើរប្រទាក់ក្រឡាគ្នាពាសពេញផ្ទៃមេឃ នេះក៏ជាគោលដៅទេសចរណ៍មួយយ៉ាងសំខាន់។
លោកប្រធានមន្ទីរបរិស្ថានខេត្តបានឲ្យដឹងទៀតថា នៅឆ្នាំ២០១៨នេះភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកកម្សាន្តទីនេះយ៉ាងច្រើន ប៉ុន្តែអ្វីដែលលំបាកដល់ភ្ញៀវទេសចរមកដល់ទីនេះ គឺផ្លូវទឹកធ្វើដំណើរតាមទូក ការណូតពិបាកពេលរដូវប្រាំងជម្រៅទឹករាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។