ក្រសួងធនធានទឹក ជូនដំណឹងបន្ថែម ស្តីពីអាកាសធាតុបន្តរដូវប្រាំងដល់ដើមខែឧសភា ២០២៤
បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍ស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុបន្ត នៅក្នុងរដូវប្រាំងដូចខាងក្រោម៖
១-សីតុណ្ហភាពនៅក្នុងរដូវប្រាំងមានការប្រែប្រួលខ្លាំង ជាមួយនឹងសីតុណ្ហភាពក្តៅកើនឡើង ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងក្តៅជាងឆ្នាំ២០២៣ ដោយសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C និង សីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា។
២-ភ្លៀងកក់ខែអាចមានតិចតួច ជាមួយគ្នានឹងរបបខ្យល់មូសុងនិរតីខ្សោយធ្វើឱ្យរដូវវស្សាចាប់ ផ្ដើមយឺត (យឺតជាងឆ្នាំ២០២៣) រីឯបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតច្រើននៅក្នុងខែមេសា និង ខែឧសភា ឆ្នាំ២០២៤។
យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណៈជនចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅ ឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះដែរ សូមយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។