គម្រោង​វិនិយោគ​ចំនួន​១០ ត្រូវបាន​អនុម័ត​ឲ្យ​ដំណើរការ ក្រោម​ទុនវិនិយោគ​ជាង​៦០​លាន​ដុល្លារ

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី គម្រោង​វិនិយោគ​ចំនួន​១០ ដែលមាន​ទុនវិនិយោគ​ប្រមាណ​ជាង ៦០​លាន​ដុល្លារ​អាម៉េរិក​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ទទួលបាន​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៤​។​

​សេចក្ដីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ ចុះបញ្ជី​គម្រោង​វិនិយោគ​ចំនួន ១០ ដែលមាន​ទុនវិនិយោគ សរុប​ប្រមាណ​ជាង ៦០​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១២,៦៩៥​កន្លែង​។​

​គួរបញ្ជាក់​ជូន​ផងដែរ​ថា គម្រោង​វិនិយោគ ដែល​ទទួលបាន​ការអនុម័ត​គិត​ត្រឹម​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤ រួមមាន​៖

១៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ នៅ​ស្រុក​ស្អាង ខេត្តកណ្តាល​។​

២៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

៣៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

៤៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

៥៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

៦៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​សម្លៀកបំពាក់​, កាបូប​, និង​ស្បែកជើង នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

៧៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក នៅ​ស្រុក​សំរោង ខេត្តតាកែវ​។​

៨៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទិ​ក (​ធុង​ទឹកកក​, ធុង និង​ប្រអប់​រក្សា​កម្ដៅ​, និង​ទូក​កៃ​យ៉ាក់​) នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

៩៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង និង​គ្រឿង​បន្សំ​ស្បែកជើង នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

១០៖ គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​គ្រប់​ប្រភេទ និង​គ្រឿងបន្លាស់ នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close