រុ​ស្ស៉ី ផ្អាក​ប្រតិបត្តិការ​ស្ថានីយ៍​នាំចេញ​ប្រេងឥន្ធនៈ​មួយ នៅ​តំបន់​សមុទ្រ​បាល់​ទិ​ក

ក្រុមហ៊ុន​ថាមពល​រុ​ស្ស៉ី Novatek បាន​ឲ្យ​ដឹង​នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​កន្លងទៅ​ថា ខ្លួន​ត្រូវ​បង្ខំចិត្ត​ផ្អាក​ប្រតិបត្តិការ​មួយចំនួន នៅឯ​ស្ថានីយ៍​នាំចេញ​ឥន្ធនៈ​ដ៏​ធំ​មួយ​ក្នុង​តំបន់​សមុទ្រ​បាល់​ទិ​ក ដោយសារ​តែមាន​អគ្គិភ័យ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយ​ក្រែ​ន រាយការណ៍​ថា​ជាការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូ​ន​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែមករា ឆ្នាំ​២០២៤​។​

​អគារ Ust-Luga មាន​ទីតាំង​នៅលើ​តំបន់​ឈូង​សមុទ្រ​ហ្វាំ​ង​ឡង់ ចម្ងាយ​ប្រហែល ១៧០​គីឡូម៉ែត្រ ភាគ​ខាងលិច​ទីក្រុង St. Petersburg ត្រូវបាន​ប្រើប្រាស់​បម្រើ​ឲ្យ​ការដឹកជញ្ជូន​ផលិតផល​ប្រេង និង​ឧស្ម័ន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ រដ្ឋបាល​ក្នុង​តំបន់ បាន​ឲ្យ​ដឹងថា គ្រឿង​បរិក្ខារ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៅ​ជុំវិញ ក្នុង​តំបន់ Leningrad ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្រោម​ការប្រុងប្រយ័ត្ន​ខ្ពស់ ជាមួយនិង​បទបញ្ជារ​ឲ្យ​កម្ទេច​យន្តហោះ​ដ្រូ​ន​មួយគ្រឿង​ពី​អង្គភាព​សន្តិសុខ និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​។​

​ទីភ្នាក់ងារសារព័ត៌មាន The Interfax-Ukraine បាន​រាយការណ៍​ដោយ​មិន​បញ្ជាក់​ប្រភព​ថា អគ្គិភ័យ​នេះ​គឺជា​លទ្ធផល​នៃ​ប្រតិបត្តិការ​ពិសេស​មួយ ធ្វើឡើង​ដោយ​សេវា​សន្តិសុខ​របស់​អ៊ុយ​ក្រែ​ន​។ យ៉ាងនេះ​ក្តី Reuters មិនអាច​បញ្ជាក់​ព័ត៌មាន​ដោយ​ឯករាជ្យ​បានទេ​។ ប្រសិនបើជា​ការពិត ការវាយប្រហារ​បែបនេះ​នឹង​បង្ហាញ​ពី​សមត្ថភាព​របស់​ទីក្រុង​កៀវ ក្នុងការ​ធ្វើការ​វាយប្រហា​រ​កាន់តែ​ជ្រៅ​ទៅ​ចូល​ទឹកដី​រុ​ស្ស៉ី ដោយ​ប្រើ​យន្តហោះ​ដ្រូ​ន​ផលិត​ក្នុងស្រុក ចំពោះ​មុខការ​រកា​រពា​រ​នៅឯ​សមរភូមិ និង​ការតស៊ូ​ដើម្បី​រក្សាបាន​នូវ​ការផ្តល់​ជំនួយ​ពី​សំណាក់​ប្រទេស​លោកខាងលិច​។​

​គួរ​បញ្ជាក់ថា គេ​នៅ​មិនទាន់​ច្បាស់​ទេ​ថា​ការផ្អាក​ប្រតិបត្តិការ​នៃ​ស្ថានីយ៍​នាំចេញ​ប្រេង​នេះ នឹងមាន​រយៈពេល​យូ​ប៉ុណ្ណា និង​ថា​តើ​មាន​នាវា​ដឹក​ប្រេង​ប៉ុន្មាន​គ្រឿង​ត្រូវ​ទុកចោល​នៅ​ខាងក្រៅ​កំពង់ផែ ហើយ​វា​ជះឥទ្ធិពល​បែបណា​ទៅលើ​ទីផ្សារ​ថាមពល​អន្តរជាតិ​៕

​រូបភាព​ពី AFP

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close