អគ្គិភ័យឆេះហាងទំនិញមួយ បណ្តាលឲ្យស្លាប់មនុស្ស ៣៩នាក់ ក្នុងខេត្ត Jiangxi ប្រទេសចិន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងប្រទេសចិន បានឱ្យដឹងថាមនុស្សយ៉ាងហោច ៣៩នាក់បានស្លាប់កាលពីថ្ងៃពុធ ទី២៤ ខែមករា ក្រោយគ្រោះអគ្គិភ័យ បានឆាបឆេះហាងទំនិញមួយកន្លែងស្ថិតនៅក្នុងខេត្ត Jiangxi ភាគកណ្ដាលនៃប្រទេស។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV អគ្គិភ័យខាងលើបានកើតឡើងនៅម៉ោង ៣៖២៤នាទីរសៀល កាលពីថ្ងៃទី២៤ ខែមករា ដោយភ្លើងបានឆាបឆេះចេញពី ជាន់ក្រោមដីនៃហាងទំនិញ ស្ថិតក្នុងទីក្រុង Xinyu ខេត្ត Jiangxi។ CCTV បានបន្ថែមដែរថាមនុស្ស ៣៩នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតរងរបួស ប៉ុន្តែ មិនបានបញ្ជាក់ថាតើគ្រោះអគ្គិភ័យនេះកើតឡើងដោយសារមូលហេតុអ្វីនោះទេ ខណៈលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានអំពាវនាវឱ្យមានការគ្រប់គ្រង យ៉ាងម៉ឺងម៉ាត់ កុំឱ្យគ្រោះអគ្គិភ័យដ៏ប្រល័យបែបនេះកើតឡើងសាជាថ្មី។
គួរបញ្ជាក់ថា អគ្គិភ័យឆេះហាងទំនិញខាងលើ កើតឡើងតែ ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអគ្គិភ័យឆេះនៅឯសាលារៀនមួយកន្លែង ក្នុងខេត្ត Henan បានសម្លាប់ មនុស្ស ១៣នាក់។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ មនុស្ស ២៦នាក់ ក៏បានស្លាប់ផងដែរ និងរាប់សិបនាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយអគ្គិភ័យ ឆេះការិយាល័យ របស់ក្រុមហ៊ុនរុករកធ្យូងថ្មមួយ ស្ថិតនៅក្នុងខេត្ត Shanxi នៅភាគខាងជើងប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។