អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​រើ​គំនរ​ថ្ម ជួសជុល​ប្រព័ន្ធ​បង្ហូរទឹក​បុរាណ​ឡើងវិញ នៅ​ប្រាសាទបាយ័ន​

ក្រុម​អ្នកជំនាញ​របស់​នាយក​ដ្ឋា​ន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រើ​គំនរ​ផ្ទាំង​ថ្ម​ជាច្រើន​រយ​ដុំ ដែល​អ្នក​អភិរក្ស​ជំនាន់​បារាំង​នា​ដើម​សតវត្ស​ទី​២០ ដើម្បី​ជួសជុល​កម្រាល​ដែល​ស្រុត ព្រមទាំង​រៀបចំ​ប្រព័ន្ធ​បង្ហូរទឹក​បុរាណ​ឡើងវិញ នៅ​រោងទង​ទី​១ ផ្នែក​ខាងត្បូង​ឆៀង​ខាងលិច​របស់​ប្រាសាទបាយ័ន​។​

​ស្ថាបត្យករ និង​ជា​អ្នកគ្រប់គ្រង​ការដ្ឋាន​ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណ​លី​លីន ឱ្យដឹងថា បច្ចុប្បន្ន កម្រាល​ថ្ម​របស់​រោងទង​ទី​១ ផ្នែក​ខាងត្បូង​ឆៀង​ខាងលិច នៃ​ប្រាសាទបាយ័ន​បាន​ស្រុត ហើយ​ទាមទារ​ឱ្យ​ក្រុមការងារ​ត្រូវតែ​រុះរើ​ផ្ទាំង​ថ្ម​ចេញ​សិន ទើប​យកមក​ផ្គុំ​សាកល្បង​ឡើងវិញ​ដើម្បី​ជួសជុល​។​

​ចំណែក​ប្រព័ន្ធ​បង្ហូរទឹក​បុរាណ​វិញ មិន​ដំណើរការ​យូរ​ឆ្នាំ​មកហើយ​។ ក្នុងកំឡុងពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ គឺមាន​ស្ទះ​ទឹក ទើប​ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​ជួសជុល​ឡើងវិញ ដើម្បី​ឱ្យមាន​ដំណើរការ​រំដោះ​ទឹក​ចេញពី​ប្រាសាទបាយ័ន​ទៅខាង​ក្រៅ​។​

​កញ្ញា ម៉េង សុវណ្ណ​លី​លីន ឱ្យដឹងទៀតថា ការ​រើ​ថ្ម​កម្រាល​រោងទង​ទី​១ និង​ជួសជុល​ប្រព័ន្ធ​បង្ហូរទឹក​នេះ​គឺមាន​សារសំខាន់ ដើម្បី​រក​វិធី​បញ្ចៀស​ទឹកភ្លៀង​ចេញពី​ខាងលើ​រួត​ទី​៣​ដែល​ហូរ​ធ្លាក់​មក​ក្រោយ​ប្រាសាទ​ឱ្យ​កាន់តែ​លឿន និង​កាត់បន្ថយ​បរិមាណ​ទឹកភ្លៀង​ហូរ​ចូលទៅក្នុង​គ្រឹះ​ប្រាសាទ​។​

​អ្នកជំនាញ​ពន្យល់ថា កាលណា បរិមាណ​ទឹកភ្លៀង​ហូរ​ចូលទៅក្នុង​គ្រឹះ​ប្រាសាទ​ច្រើន វា​អាច​នាំឱ្យ​ដីល្បាប់​ខ្សាច់​ហូរ​ចេញ​ទៅតាម​ទឹកភ្លៀង​។​កាលណា​ដីល្បាប់​ខ្សាច់​ហូរ​ចេញពី​ប្រាសាទ​ច្រើន​គឺ​វា​នឹងធ្វើ​ឱ្យ​គ្រឹះ​ប្រាសាទ​ខ្សោយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close