បង្ក្រាបករណីជួញដូរគ្រឿងញៀនជាង ១០គីឡូក្រាម ចាប់ខ្លួនមនុស្ស ៤នាក់ នៅខេត្តសៀមរាប
សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ចាប់ខ្លួនជនល្មើសចំនួន ៤នាក់ និងរឹបអូសគ្រឿងញៀនជាង ១០ គីឡូក្រាម នៅភូមិសាស្ត្រខេត្តសៀមរាប។
ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១២៖០០នាទី កម្លាំងជំនាញ (ក១) ដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ិន សុង, វរសេនីយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ វរសេនីយ៍ទោ កើត រ៉ាវី និងវរសេនីយ៍ទោ រឹម ម៉ិច នាយរងការិយាល័យ (ក១) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំសម្របសម្រួលដោយលោក ប៉ុក តារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបករណី ជួញដូ រក្សាទុករគ្រឿងញៀននៅ ៣គោលដៅផ្សេងជាបន្តបន្ទាប់៖ គោលដៅទី១៖ តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង (ផ្លូវបំបែកផ្សារក្រោម) ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប គោលដៅទី២៖ ផ្ទះលេខ០២៥ ផ្លូវក្រុម១ ភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប និងគោលដៅទី៣៖ ផ្ទះគ្មានលេខ ភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
សម្រាប់លទ្ធផលបង្ក្រាបបាន កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ៤នាក់៖ ១. ឈ្មោះ ផាន់ សុកជា ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត 0៦ ខែសីហា ឆ្នាំ១៩៩១, ២.ឈ្មោះ ភា ភ័ក្រ ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៩៨៨, ៣.ឈ្មោះ ចេក សុផល ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ០៤ ខែឧសភា ឆ្នាំ១៩៩៨ និង៤. ឈ្មោះ ជ្រឹង គឹមសៀង ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៩៩៤។
កម្លាំងជំនាញបានចាប់យកវត្ថុតាងរួមមាន៖ សារធាតុញៀនប្រភេទគ្រាប់ (WY) ចំនួន ១៧.៨០០ គ្រាប់ ទម្ងន់សរុប ០១ គីឡូក្រាម ៦៩០.៣៤ ក្រាម និងសារធាតុញៀនមេតំហ្វេតាមីន (ICE) ចំនួន ០៩ដុំ ទម្ងន់សរុប០៨ គីឡូក្រាម ៩៩៩.៧៦ ក្រាម។ សរុបគ្រឿងញៀន ទម្ងន់ ១០ គីឡូក្រាម ៦៩០.១ ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកបាន ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប តាមនីតិវិធី។
សូមជម្រាបថា ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ណែនាំឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការបោសសម្អាតឧក្រិដ្ឋជន គ្រឿងញៀនឲ្យអស់, កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។
រយៈពេលចុងក្រោយនេះ ករណីជួញដូរគ្រឿងញៀនធំៗជាច្រើន ត្រូវបានបង្ក្រាបដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងបានឃាត់ខ្លួនឧក្រិដ្ឋជនជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។