​ឆ្នាំ​២០២៤! ចំនួន​លក់​របស់ iPhone នឹង​បន្ត​ធ្លាក់ចុះ​ខ្ទង់ ១៥​ភាគរយ​បន្ថែមទៀត

​ប្រភពពី​អ្នកវិភាគ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ដ៏​ល្បីល្បាញ​លោក Ming-Chi Kou បាន​បង្ហាញថា ចំនួន​លក់ iPhone 15 និង iPhone 16 ជំនាន់​ចុងក្រោយ​របស់​ក្រុមហ៊ុន Apple នឹង​បន្ត​ធ្លាក់ចុះ​ចន្លោះ​ពី ១០ ទៅ ១៥​ភាគរយ​ក្នុង​ឆ្នាំ​២០២៤​។ លោក​បាន​គូសបញ្ជាក់ថា ការធ្លាក់ចុះ​នេះ​បណ្តាលមកពី​កត្តា​ជាច្រើន រួមទាំង​ការកើនឡើង​នៃ​ប្រជាប្រិយភាព​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ ព្រមទាំង​ការលេចចេញ​នូវ​គំរូ​ស្មា​ត​ហ្វូ​ន​ថ្មីៗ​ដែលមាន​តម្លៃ​សមរម្យ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន GSMArena នៅ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

​ផ្អែក​តាម​ការស្ទង់មតិ​នាពេល​ថ្មីៗ​នេះ លោក Kou បាន​រកឃើញ​ហេតុផល​មួយចំនួន ដែលជា​កត្តា​រាំងស្ទះ​ដល់​ការលក់ iPhone រួមមាន​៖

• កង្វះ​ការ​ឌី​ហ្សា​ញ​៖ លោក Kou បាន​លើកឡើងថា Apple ប្រហែលជា​មិន​ធ្វើការ​ផ្លាស់ប្តូរ​រូបរាង​ឌី​ហ្សា​ញ​លើ iPhone រហូតដល់​ឆ្នាំ​២០២៥ ឯណោះ ខណៈ​ម៉ូ​ដែល iPhone 16 ដែល​ចេញលក់​ក្នុង​ឆ្នាំ​២០២៤ នេះ​មិនមាន​បន្ថែ​មការ​ឌី​ហ្សា​ញ​ណាមួយ​គួរឱ្យកត់សម្គាល់​ក្រៅពី​អេក្រង់​ធំ និង​ប៊ូ​តុង​បិទ​/ បើក​សម្លេង (Capture Button) ហើយ​ក្នុងនោះ​សូម្បីតែ​មុខងារ AI ក៏​គ្មាន​មកជា​មួយ​ផងដែរ​។ ការខ្វះខាត​មុខងារ​ថ្មីៗ​សំខាន់ៗ​ទាំងនេះ ត្រូវបាន​គេ​រំពឹងថា នឹង​ប៉ះពាល់​ដល់​សន្ទុះ​នៃ​ចំនួន​ដាក់លក់ iPhone ពោលគឺ​អាច​ពេញ​មួយឆ្នាំ​តែម្តង​។​

• ការដើរតាម​ចំណូលចិត្ត​ទីផ្សារ​៖ ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ កំពុង​ទទួលបាន​ប្រជាប្រិយភាព និង​ការគាំទ្រ​ជាខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់ ជាពិសេស​នៅក្នុង​ផ្នែក​ស្មា​ត​ហ្វូ​ន​ដែលមាន​តម្លៃ​ខ្ពស់ ខណៈដែល​អ្នកប្រើប្រាស់​ភា​គ​ច្រើន​កំពុងតែ​ងាក​ទៅ​ទទួលយក​បទពិសោធន៍​ស្មា​ត​ហ្វូ​ន​ថ្មី បើទោះជា​មានតម្លៃ​ប្រហាក់ប្រហែលគ្នា​ក៏ដោយ​។​

• បញ្ហា​ប្រឈម​នៅក្នុង​ប្រទេស​ចិន​៖ ចំនួន​លក់ iPhone ក្នុងប្រទេស​ចិន ដែលជា​ទីផ្សារ​ដ៏​សំខាន់បំផុត​របស់ Apple កំពុងតែបន្ត​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ក្រោយ​គូប្រជែង Huawei ឈាន​ជើង​ចូល​ទីផ្សារ​ស្មា​ត​ហ្វូ​ន​វិញ ព្រមទាំង​គោលការណ៍​ប្រើប្រាស់​ថ្មី​ក្នុងប្រទេស​ចិន ដោយ​អ្នកប្រើប្រាស់​ភាគច្រើន​ស្នេហា​ជាតិ និង​ងាក​ទៅប្រើ​ប្រាស់​ជាមួយនឹង​ប្រព័ន្ធ​ដំណើរការ «Made-in-China» ជំនួស​វិញ​។​

​គួរ​ជម្រាប​ដែរ​ថា ដោយសារតែ​កត្តា​ទាំង​ប៉ុន្មាន​ខាងលើនេះ រួម​ជាមួយនឹង​ការបាត់​ទំនុកចិត្ត ក្រុមហ៊ុន Apple សម្រេច​ទម្លាក់​ការ​បញ្ចា​ទិញ​ផលិតផល​ពាក់កណ្តាល​ស​ម្រេច (semiconductor) របស់ខ្លួន​ជាមួយនឹង​អ្នកផ្គត់ផ្គង់​រហូតដល់​ទៅ ១៥​ភាគរយ​ឯណោះ​។ ជាងនេះទៅទៀត​លោក Kou បន្ត​អះអាងថា Apple នឹង​ប្រឈមមុខ​នឹង​ការធ្លាក់ចុះ​ចំនួន​លក់ iPhone ក្នុងប្រទេស​ចិន​បន្ថែមទៀត​ពេញ​មួយឆ្នាំ​២០២៤ នេះ​ចន្លោះ​ពី ៣០ ទៅ ៤០​ភាគរយ​ឯណោះ​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close