យប់មិញ​! សមត្ថកិច្ច​ភ្នំពេញ ឃាត់​យានយន្ដ​ល្មើស ១០២​គ្រឿង​

លទ្ធផល​នៃ​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ និង​ត្រួតពិនិត្យ​ជាតិ​អាល់កុល នៅ​យប់​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់​យានយន្ដ​ល្មើស​ចំនួន​១០២​គ្រឿង ក្នុងនោះ​រថយន្ត​ចំនួន ៣៤​គ្រឿង និង​ម៉ូតូ ៦៨​គ្រឿង​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​អនុវត្តតាម​បទបញ្ជា​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​តប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា សំដៅ​ទប់ស្កាត់ និង​បង្ការ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែលជា​សញ្ញាណ​គួរ​ឲ្យ​ព្រួយបារម្ភ​។​

​ជា​លទ្ធផល តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ បាន​ចុះ​អនុវត្ត​រឹត បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រួតពិនិត្យ​ជាតិ​អាល់កុល​ដូចខាងក្រោម​៖ ឃាត់​យានយន្ត​ល្មើស សរុប​ចំនួន ១០២​គ្រឿង (​រថយន្ត ចំនួន ៣៤​គ្រឿង និង​ម៉ូតូ​ចំនួន ៦៨​គ្រឿង​)៖

​ទី​១៖ ល្មើស​ជាតិ​ស្រវឹង ចំនួន​៦៦​គ្រឿង​, កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន​២៨​គ្រឿង​, អ្នកបើកបរ​ម៉ូតូ ចំនួន​២១​នាក់​, អ្នកបើកបរ​រថយន្ត ចំនួន​០៧​នាក់​, កម្រិត ០.៤០ mg/L ឡើង ចំនួន​៣៨​គ្រឿង​, អ្នកបើកបរ​ម៉ូតូ ចំនួន​២៤​នាក់​, អ្នកបើកបរ​រថយន្ត ចំនួន​១៤​នាក់​។​

​ទី​២៖ បទល្មើស​ផ្សេងៗ ចំនួន​៣៦​គ្រឿង​, អត់​មួកសុវត្ថិភាព ចំនួន​២១​គ្រឿង​, ម៉ូតូ​អត់​កញ្ចក់​មើល​ក្រោយ ចំនួន​០១​គ្រឿង​, រថយន្ត​គ្មាន​ប័ណ្ណបើកបរ ចំនួន​០៤​គ្រឿង​, រថយន្ត​ដឹក​លើស​ចំណុះ ចំនួន​០៨​គ្រឿង​, រថយន្ត​ប័ណ្ណបើកបរ​ខុស​ប្រភេទ ចំនួន​០១​គ្រឿង និង​ម៉ូតូ​មាន​សារធាតុ​ញៀន ចំនួន​០១​គ្រឿង​។​

​ថ្លែងប្រាប់​បណ្ដាញ​ព័ត៌មាន Fresh News លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ បាន​អះអាងថា «​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី បានចេញ​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់ ត្រួតពិនិត្យ​ជាតិ​អាល់កុល ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជាប្រចាំ​ដោយ​មិន​លើកលែង​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close