មួយខែ​ដំបូង​ ឆ្នាំ​នេះ​! ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា និង​អន្តរជាតិ មាន​ទឹកប្រាក់​ជាង ៤​ពាន់​លាន​ដុល្លារ កើនឡើង​ជិត​១៧%

មួយខែ​ដំបូង​នៃ​ឆ្នាំ​២០២៤ កម្ពុជា​បាន​នាំចេញ​ទំនិញ​មាន​ទឹកប្រាក់​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ​ទៅកាន់​បណ្តា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ កើនឡើង ២៧% ដែល​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា ជាមួយនឹង​ទីផ្សារ​អន្តរជាតិ​កើនឡើង​ជិត ១៧%​។ នេះ​យោងតាម​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​គ​យ និង​រដ្ឋាករ​កម្ពុជា​។​

​ទិន្ន​នេះ​ដដែល​នេះ​បាន​បញ្ជាក់ថា ក្នុង​ខែមករា ឆ្នាំ​២០២៤​នេះ ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​បណ្តា​ដៃគូ​សំខាន់ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ កើនឡើង​១៦.៩% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មានតម្លៃ ១ ៩៦៧ លាន​ដុល្លារ កើនឡើង​២៧% ស្របពេល​ការនាំ​ចូលមក​វិញ​មានតម្លៃ​ប្រមាណ ២ ០៩០​លាន​ដុល្លារ កើនឡើង ៨.៧%​។​

​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​កម្ពុជា គឺ​ចិន ដែល​សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​ជាង ១.១​ពាន់​លាន​ដុល្លារ កើនឡើង ១៨.៧% ដោយ​កម្ពុជា​នាំចេញ​ទៅ​ចិន ក្នុងតម្លៃ ១២១​លាន​ដុល្លារ កើនឡើង ៥០.១% ខណៈ​ចិន​នាំចូល​វិញ​ក្នុងតម្លៃ​ជាង ១​ពាន់​លាន​ដុល្លារ កើនឡើង​១៥.១%​។​

​ជាមួយគ្នានេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​មាន​តំ​ហំ​ជាង ៦៧៧​លាន​ដុល្លារ កើនឡើង​៤១.៥% ដោយ​កម្ពុជា​នាំចេញ​ទៅ​វៀតណាម ក្នុងតម្លៃ​៣៧៣​លាន​ដុល្លារ កើនឡើង ១១៦.៦% ខណៈ​វៀតណាម​នាំចូល​វិញ​ក្នុងតម្លៃ​ជាង ៣០៤​លាន​ដុល្លារ ថយចុះ​០.៦%​។​

​ចំណែក ការនាំចេញ​នាំចូល​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​វិញ មាន​ទំហំ​ជាង ៦៤៤​លាន​ដុល្លារ កើនឡើង​១០.៨% ដោយ​កម្ពុជា​នាំចេញ​ទៅ​សហរដ្ឋអាមេរិក ក្នុងតម្លៃ ៦២៦​លាន​ដុល្លារ កើនឡើង ១១.៤% ខណៈ​សហរដ្ឋអាមេរិក​នាំចូល​វិញ​ក្នុងតម្លៃ​ជាង ១៧​លាន​ដុល្លារ ថយចុះ​៨%​។​

​រួម​នឹង​ប្រទេស​ជា​ដៃគូរ​ពាណិជ្ជកម្ម​សំខាន់ៗ​ដទៃទៀត ដូចជា​ថៃ ជប៉ុន ឥណ្ឌូនេស៊ី កាណាដា សិង្ហ​បុរី អេ​ស្ប៉ា​ញ ជាដើម​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close