​ឯកឧត្តម ឃួ​ង ស្រេង ដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​

​យោងតាម​ប្រសាសន៍​ណែនាំ​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្ដេច មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ក៏ដូចជា​ប្រធាន​ផ្សារ​ទាំង​២៥ គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ មាននៅ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឡើយ ។​

​ការដាក់​បទបញ្ជា​បែបនេះ​របស់​ឯកឧត្តម ឃួ​ង ស្រេង បានធ្វើ​ឡើង ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​អភិបាលខណ្ឌ​ទាំង​១៤​និង​ប្រធាន​ផ្សារ​ទាំង​២៥ នា​រសៀល​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២៤ នៅ​សាលា​រាជធានី​ភ្នំពេញ ពោលគឺ​ក្រោយពី​សម្ដេច មហា​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត បានដាក់​បទបញ្ជា​ភ្លាម​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើងថា ចំពោះ​អាជីវកម្ម​ឆ្នោត​ផ្សងសំណាង​ចំនួន​១០ ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុន​ឆ្នោត​ផ្សងសំណាង​ចំនួន​៦ ស្មើនឹង​ជាង​៦០​ទីតាំង ដែល​ហួស​សុពលភាព គឺ​មិន​អនុញ្ញាត​ឲ្យ​បន្ត​បើក​អាជីវកម្ម​ទៀត​ទេ​។ ប៉ុន្តែ​បើ​ក្រុមហ៊ុន​ទាំងនោះ នៅតែ​បន្ត​អាជីវកម្ម​របស់ខ្លួន អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​ធ្វើការ​បង្ក្រាប​ជាបន្ទាន់ ព្រោះ​ជាទី​តាំង​ដែល​ខុសច្បាប់ ហើយ​ចំពោះ​ទីតាំង​ថ្មី​គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​ទៀត​ទេ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​បន្តទៀតថា តាម​ជុំវិញ ផ្សារ សាលារៀន គឺ​មិន​អោយមាន​ដាច់ខាត​ចំពោះ​ល្បែងស៊ីសង​ខុស​គ្រប់​ប្រភេទ បើ​មាន​លួច​បើក​ល្បែងស៊ីសង​ខុសច្បាប់​ទាំងនេះ​គឺ​ត្រូវតែ​បង្ក្រាប​ភ្លាម​តែម្តង​។​

​បន្ថែម​ពីនេះ​ទៀត ឯកឧត្តម ឃួ​ង ស្រេង ជំរុញ​ឲ្យ​បន្ត​ប​ង្កេ​ី​ត Group Telegram ក្រុមការងារ​ត្រួតពិនិត្យ និង​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ នៅ​រាជធានី​ភ្នំពេញ ដោយ​ក្រុមការងារ​នេះ​ត្រូវមាន​របាយការណ៍​ប្រចាំថ្ងៃ​ជូន អភិបាល​រាជធានី​ភ្នំពេញ​។​

​ចំពោះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ខណ្ឌ​ទាំង​១៤ ត្រូវ​រៀបចំ​ប្រជុំ​បន្ទាន់ ដើម្បី​ដាក់​ផែន​ការចុះ​ត្រួតពិនិត្យ​លិខិតអនុញ្ញាត​ទីតាំង​អាជីវកម្ម​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​ភ្នំពេញ ទីតាំង​ដែល​លិខិតអនុញ្ញាត​ផុត​សុពលភាព​ត្រូវ​បិទ​ជាបន្ទាន់ ទីតាំង​ដែលមាន​អាជ្ញា​បណ្ណ​ពី គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា តែ​គ្មាន​លិខិតអនុញ្ញាត​ទីតាំង​ក៏ត្រូវ​បិទ ទីតាំង​ដែល​នៅសល់​សុពលភាព លិខិតអនុញ្ញាត​ទីតាំង ត្រូវ​រង់ចាំ​ដល់​ផុត​សុពល រួច​ចុះ​បិទ​ដែរ បញ្ឈប់​ការបន្ត​សុពលភាព​លិខិតអនុញ្ញាត​ទីតាំង និង​ចេញ​លិខិតអនុញ្ញាត​ទីតាំង​ថ្មី​។​

​គួរ​បញ្ជាក់ថា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​២០២៣ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៤ នា​ព្រឹ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ សម្ដេច​បានចេញ​បទបញ្ជា​ឱ្យ​ផ្អាក​រាល់​ការចេញ​អាជ្ញាប័ណ្ណ ឬ​ការផ្ដល់​សិទ្ធិ​បើក​ទីតាំង​ល្បែង​ផ្សងសំណាង​នៅតាម​មូលដ្ឋាន​។​

​ជាមួយគ្នានេះ សម្ដេច​ធិបតី បាន​ណែនាំ​ឱ្យ​គណៈកម្មការ​គ្រប់គ្រង​ល្បែងស៊ីសង​កម្ពុជា ចំណុះឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ប្រជុំ​ជាបន្ទាន់​ជាមួយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ រួមទាំង​បណ្ដា​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ពិនិត្យឡើងវិញ និង​រៀបចំ​ឡើងវិញ​នូវ​គោលការណ៍ និង​វិធានការ​គ្រប់គ្រង​ល្បែង​ផ្សងសំណាង​នានា​នៅ​ទូទាំងប្រទេស​។​

​ក្នុងន័យនេះ សម្ដេចនាយក​រដ្ឋមន្ត្រី បានដាក់​បទបញ្ជា​ដល់​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ត្រួតពិនិត្យ​ទីតាំង​ល្បែង​ផ្សងសំណាង​នៅតាម​មូលដ្ឋាន​នៃ​ដែន​សមត្ថកិច្ច​របស់ខ្លួន ក្នុងករណី​មាន​បន្ត​បើក​ថ្មីៗ​ទៀត សូម​ចាត់វិធានការ​បិទ​ជាប​ន្ទា​ន់ ហើយ​រាយការណ៍​មក​សម្ដេច ដើម្បី​ចាត់វិធានការ​បន្ត ដែល​អាច​ឈានដល់​ការដក​អាជ្ញា​បណ្ណ​នៅក្នុង​ខេត្ត ឬ​នៅ​ទូទាំងប្រទេស​តែម្ដង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close