Apple នឹងត្រូវផាកពិន័យជាង ៥៣០លានដុល្លារ ពីសហភាពអឺរ៉ុប
ថ្មីៗនេះសារព័ត៌មាន Financial Times បានរាយការណ៍មកថា សហភាពអឺរ៉ុប (EU) គ្រោងផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ប្រមាណ ៥០០លានអឺរ៉ូ (ដែលស្មើនឹង ៥៣៩លានដុល្លារ) ជុំវិញការចោទប្រកាន់ថា បានបំពានច្បាប់ប្រកួតប្រជែងរបស់សហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រភពពី Financial Time ដដែលបានបន្តទៀតថា ការផាកពិន័យនេះត្រូវបានគេរំពឹងថា នឹងប្រកាសនៅដើមខែក្រោយ ហើយអាចពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីការបង្ខូចការប្រកួតប្រជែងនៅក្នុងទីផ្សារការផ្សាយតន្ត្រីតាមរយៈច្បាប់ App Store របស់ខ្លួន ដែលបានរារាំងអ្នកអភិវឌ្ឍន៍ (ឬ Developer) ពីការជូនដំណឹងដល់អ្នកប្រើប្រាស់អំពីជម្រើសទិញផ្សេងទៀត។
យ៉ាងណាមិញជុំវិញបញ្ហានេះ ទាំងគណៈកម្មការអឺរ៉ុប និង Apple មិនបានធ្វើអត្ថាធិប្បាយលើការផាកពិន័យដែលបានរាយការណ៍នោះទេ។
គួរជម្រាបដែរថា Apple ត្រូវរងការស៊ើបអង្កេត នឹងចោទប្រកាន់ចាប់តាំងពីឆ្នាំ២០១៩មកម្លេះ ថាបានបំពានច្បាប់ប្រកួតប្រជែងរបស់សហភាពអឺរ៉ុប ដោយសារតែគោលការណ៍ App Store របស់ខ្លួន ជាពិសេសទាក់ទងទៅនឹងការអនុវត្តមួយចំនួនដូចជា ការគិតកម្រៃជើងសារ ឬពន្ធប្រមាណ ៣០ភាគរយពី Developer រួមទាំងហាមឃាត់អ្នកបង្កើតកម្មវិធីពីការជូនដំណឹងដល់អ្នកប្រើប្រាស់អំពីជម្រើសទិញជំនួសនៅខាងក្រៅ App។ ពោលគឺជម្រើសនៃការទិញជំនួស ដូចជាការលើកទឹកចិត្តឱ្យពួកគេបង់ប្រាក់ដោយផ្ទាល់ និងជៀសវាងថ្លៃសេវា App Store របស់ Apple ដែលមានចាប់ពី ១៥ភាគរយទៅ ៣០ភាគរយជាដើម។
គោលការណ៍ទាំងនេះត្រូវបានចោទប្រកាន់ថាបានបង្ខូចទ្រង់ទ្រាយការប្រកួតប្រជែងនៅក្នុងទីផ្សារការផ្សាយតន្ត្រីដោយការបង្កើនថ្លៃដើមសម្រាប់សេវាកម្មប្រកួតប្រជែង ហើយទីបំផុតនាំឱ្យតម្លៃកាន់តែខ្ពស់សម្រាប់អ្នកប្រើប្រាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។