អ្នកប្រមូលសំរាម​ក្រុមហ៊ុន​ ស៊ីនទ្រី​ ជាង​២ពាន់​នាក់​ ប្រមូលផ្ដុំគ្នាធ្វេីកូដកម្មទាមទារ តំឡើង​ប្រាក់​ខែ១២ដុល្លារ

ភ្នំពេញ ៖ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី ជាង២ពាន់នាក់ ប្រមូលផ្ដុំគ្នាធ្វេីកូដកម្ម នៅការ៉ាសរថយន្តស៊ីនទ្រី ផ្លូវបេតុបឹងតាម៉ាត ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ តវ៉ា មិនធ្វើការ ដោយទាមទារអោយក្រុមហ៊ុន តំឡើងប្រាក់ខែអោយពួកគេ ចំនួន១២ដុល្លារបន្ថែម លើប្រាក់ខែគោលរបស់ពួកគាត់ ។ការប្រមូលផ្តុំនេះធ្វើឡើងកាលពីម៉ោង៧យប់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៨ ។

កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី ជាង២ពាន់នាក់ ទាមទារលក្ខខណ្ឌ ចំនួន៤ចំណុច ដូចជា ៖ ១-សុំអោយក្រុមហ៊ុនទូទាត់ប្រាក់ឈប់សំរាកប្រចាំឆ្នាំដែលនៅសល់ ២-ទូរទាត់ប្រាក់បំណាច់អតីតភាពការងារតាមប្រកាសលេខ ៤៤៣ ក.ប.ប្រ.ក.ខល ៣-ស្នើរសុំតំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ ចំនួន១៥$ សម្រាប់ឆ្នាំ២០១៩ ៤-បញ្ហាផ្សេងៗ ។

កូដកម្មនេះដឹកនាំដោយសហជីពកម្មករនិយោជិកវិស័យទេសចរណ៍ ដែលដឹកនាំដោយលោក ទូច កុសល ហេីយក្នុងការតវ៉ានេះ កម្មករស៊ីនទ្រី បានប្រាប់អោយភ្នាក់ងារសារព័ត៌មានដឹងថា ប្រាក់ខែពួកគាត់ បានចែកជា២វេន គឺវេនយប់និងថ្ងៃ ដោយអ្នកធ្វើការវេន ថ្ងៃទទួលបានប្រាក់ខែចំនួន៥១ម៉ឺន និងអ្នកធ្វើការវេនយប់ទទួលបានប្រាប់ខែ៦១ម៉ឺន ហើយពួកគាត់មាននាំគ្នាធ្វើការតវ៉ានេះ ដោយពួកគាត់ទាមទារ អោយខាងក្រុមហ៊ុន តំឡើងប្រាក់ខែចំនួន១២ដុល្លារ លើប្រាក់ខែគោលពួកគាត់បន្ថែមទៀត ព្រមទាំងអោយក្រុមហ៊ុន ផ្តល់សេវ៉ាថែមទាំងសុភាព នឹងមានប្រាក់បំណាច់ឆ្នាំ និងហូបចុកដូច កម្មករ កម្មការនី រោងចក្រដែរ ។

ជាលទ្ធិផលក្នុងការដោះស្រាយ ភាគីក្រុមហ៊ុនស៊ិនទ្រី ព្រមព្រាងចំនួន ០៣ចំណុចគឺទី(១.២.៤) ចំពោះចំណុចទី៣ ដែលកម្មករស្នើរសុំតំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ១៥$បន្ថែម ពីលើប្រាក់ខែបច្ចុប្បន្ន គឺខាងក្រុមហ៊ុនអោយតែ០៦$ប៉ុណ្ណោះ និងតំឡើងអោយ០១$ទៀត នៅខែ០៧ ឆ្នាំ២០១៩ តែខាងកម្មករមិនព្រមទទួលយកដំណោះស្រាយនេះទេ តែបញ្ចុះនៅត្រឹម១២$។

ក្នុងហេតុការណ៍នេះដែរ ក៏មានការប៉ះទង្គិចគ្នា រវាងកម្មករស៊ីនទ្រីគ្នាឯង និងកម្មករគ្នាឯង ដោយមានអ្នកខ្លះចង់បានប្រាក់ខែប៉ុណ្ណឹង ហើយអ្នកខ្លះទៀត ទាមទារតំឡើងប្រាក់ខែ ។

ដោយឡែកខាងក្រុមហ៊ុនវិញ ក៏បានហៅតំណាងខាងកម្មករអោយចូលចរចារគ្នា តែខាងក្រុមហ៊ុនឡើងអោយដែរ តែតំលៃទៀបពេក គឺត្រឹមតែ៦ដុល្លារ ទើបពួកគាត់ជាកម្មករទទួលយកមិនបាន គឺទាមទារ ១២ដុល្លារ ទើបព្រមចូលធ្វើការវិញ ដូច្នេះហេីយបេីសិនជាការចរចាមិនត្រូវគ្នាទេ ខាងកម្មករមិនព្រមចេញទៅប្រមូលសំរាមវិញឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close