​ហ្គា​ហ្សា កើន​ចំនួន​អ្នកស្លាប់​លើស ២៩,០០០​នាក់ ខណៈ​ចំនួន​ស្លាប់ ថ្មី​១០៧​នាក់​ទៀត រកឃើញ​ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​

​ក្រសួងសុខាភិបាល​ដែលមាន​មូលដ្ឋាន​នៅ​ហ្គា​ហ្សា​បានប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ចំនួន​អ្នកស្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ដែល​បណ្តាលមកពី​ការវាយប្រហារ​របស់​អ៊ីស្រាអែល​ដែល​កំពុង​បន្ត​លើ​តំបន់​ហ្គា​ហ្សា បាន​កើន​លើស ២៩,០០០ នាក់​ហើយ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួ នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង កងទ័ព​អ៊ីស្រាអែល​បានសម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ចំនួន ១០៧ នាក់ និង​រងរបួស​ចំនួន ១៤៥ នាក់​ទៀត​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយនេះ​។​

​ការធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​នេះ នាំមក​នូវ​ចំនួន​អ្នកស្លាប់ និង​របួស​សរុប​ដល់​ទៅ ២៩,០៩២ នាក់​បាន​ស្លាប់ និង ៦៩,០២៨ នាក់​រងរបួស ចាប់តាំងពី​ជម្លោះ​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស​បាន​ផ្ទុះឡើង​នៅ​ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣​។​

​របាយការណ៍​បាន​កត់សម្គាល់ថា ជនរងគ្រោះ​មួយចំនួន​នៅតែ​ស្ថិតនៅក្រោម​គំនរ​បាក់បែក ចំពេល​មានការ​ទម្លាក់​គ្រាប់បែក​យ៉ាងធ្ងន់ធ្ងរ និង​កង្វះ​ផ្នែក​ការពារ​ស៊ីវិល និង​ក្រុម​រថយន្ត​សង្គ្រោះបន្ទាន់​។​

​អ៊ីស្រាអែល​បាននិងកំពុង​បើក​ការវាយលុក​ទ្រង់ទ្រាយ​ធំ​ប្រឆាំងនឹង​ក្រុម​ហា​ម៉ាស​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ដើម្បី​សងសឹក​ប្រឆាំងនឹង​ការវាយលុក​របស់​ក្រុម​ហា​ម៉ាស់​ឆ្លងកាត់​ព្រំដែន​ភាគខាងត្បូង​អ៊ីស្រាអែល​កាលពី​ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែល​សម្លាប់​មនុស្ស​ប្រហែល ១,៤០០ នាក់ និង​ជាង ២០០ នាក់​ទៀត ត្រូវបាន​ចាប់ធ្វើ​ជា​ចំណាប់ខ្មាំង​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close