មក​ដឹង​ពី​ពិធី “​លៀង​មេមត់​” របស់​អ្នកភូមិ​រស់នៅក្នុង​តំបន់​អង្គរ

លៀង​មេមត់​របស់​អ្នកភូមិ​រស់នៅក្នុង​តំបន់​អង្គរ ដូចជា​៖ ភូមិ​នគរ​ក្រៅ​, (​សង្កាត់​គោកចក​), ភូមិ​អារក្ស​ស្វាយ (​សង្កាត់​នគរធំ​), ភូមិ​ក្រសាំង​រលើង​, ភូមិ​ទ្រៀក (​សង្កាត់​សៀមរាប​), ភូមិ​ភូមិ​ថ្នល់​បាក់ (​ឃុំ​អំពិល​), ភូមិ​ភ្លង់ (​ឃុំ​លាងដៃ​), ភូមិ​ក្បាលដំរី (​ឃុំ​រើស​) និង​ភូមិ​ស្នា​សង្គ្រាម (​ស្រុក​បន្ទាយស្រី​)​។​ល​។ គេ​ចំណាំ​ធ្វើ​នៅ​ខែមាឃ ឬ​អាចធ្វើ​ក្នុង​បរិបទ​ពិសេស​ណាមួយ​នៅពេល​មាន​រូប​មេមត់ ឬ «​សម្បក​» ឈឺ​ធ្ងន់ ដោយសារ​អមនុស្ស​ធ្វើឱ្យ​រូប​ស្នង​នោះ​ឈឺ​។

​ហេតុនេះ ដើម្បី​ដោះស្រាយ និង​ជៀសវាង​កុំឱ្យ​ឈឺ ត្រូវ​លៀង​មេមត់​ក្នុង​មួយឆ្នាំ ឬ​ពីរ​ឆ្នាំ​ម្តង​។ ជាទូទៅ ស្រុក ឬ​តំបន់​ខ្លះ គេ​ហៅថា «​អារក្ស​» ក៏ប៉ុន្តែ​នៅ​តំបន់​អង្គរ គេ​និយម​ហៅ «​មេមត់​» មិនសូវ​ឮ​ប្រើពាក្យ​អារក្ស​ទេ​។ ដូច្នេះហើយ​បានជា​គេ​ច្រើន​ហៅថា «​ភ្លេង​មេមត់ » «​រូប​មេមត់​» និង «​លៀង​មេមត់​»​។ មេមត់ គឺជា​ខ្មោច​ជួរ​ចំបួរ​ប្រចាំត្រកូល ហើយ​មាន “​រូប​ស្នង​” ដែល​ភាគច្រើន​ជា​មនុស្ស​ស្រី​។ «​រូប​ស្នង​» ដើរតួនាទី​សំខាន់​ក្នុង​កិច្ច​ជាន់​មេមត់​រកមើល​ហេតុ​នៃ​វិបត្តិ​តូច ធំ​ដែល​កើតឡើង​ផ្ទាល់ខ្លួន​, ក្នុង​គ្រួសារ ឬ​តាម​ការ​ពឹងពាក់​ពី​អ្នកស្រុក​ជិត​ឆ្ងាយ​ឱ្យជួយ​ព្យាបាល ដោយ​ស្តោះផ្លុំ ឬ​ពេល​បាត់បង់​វត្ថុ​អី​មួយ​។​ល​។ លុះ​បាន​ផល ឬ​ជា​ពី​ជម្ងឺ​ដោយ​ធ្វើតាម​ពាក្យ​ខ្មោច​ប្រាប់ យើង​ត្រូវ​លៀង​កំសាន្ត​ឱ្យ​អមនុស្ស​ជាការ​ដឹងគុណ​ដែល​ប្រាប់​ពី​ហេតុផល និង​ខំ​មើល​យើង​ជា​។ ពិធី​លៀង​នេះ គេ​ហៅ «​លៀង​មេមត់​»​។

​ក្នុង​ពិធី​លៀង​មេមត់​នេះ​ភ្លេង​គឺជា​គ្រឿង​រណ្តាប់​មួយ​យ៉ាងសំខាន់​ដែល​មិនអាច​ខ្វះ​បាន ត្បិត​ត្រូវ​លេង​ឱ្យ​មេមត់​រាំលេង​សប្បាយ​។ កិច្ច​ពិធី​លៀង​មេមត់ មាន​របៀប​ពីរ​យ៉ាង​៖ ទី​១ កិច្ច​ពិធី​លៀង​ជា​លក្ខណៈ​ឯកជន ដោយមាន​រៀបចំ​សំណែន​ជា​ម្ហូបអាហារ ព្រមទាំង​មាន​ភ្លេង​មេមត់​ផង ដើម្បី​ជាការ​ដឹងគុណ​ដល់​ខ្មោច ឬ​ចំបួរ ដែល​ខំ​មើល​ជម្ងឺ​ជា ឬ​រក​វត្ថុ​អ្វីមួយ​ដែល​បាន​បាត់បង់​ទៅហើយ​ឃើញ​មកវិញ​។ កិច្ច​ពិធី​នេះ ច្រើន​ចាប់ធ្វើ​នៅពេល​ថ្ងៃត្រង់ ឬក៏​រសៀល​។

​ចំណែក​កិច្ច​ពិធី​ទី​២ គឺ​លៀង​មេមត់​មាន​លក្ខណៈ​ជា​សហគមន៍ ដែល​ធ្វើ​រៀងរាល់ឆ្នាំ ឬ​អ្នកខ្លះ ភូមិ​ខ្លះ​ទាល់តែ​ពីរ ឬ​បី​ឆ្នាំ​ម្តង ទោះជា​ឈឺ ឬ​មិន​ឈឺ​អី​ក៏ដោយ គឺ​ត្រូវតែ​ធ្វើ​ពិធី​លៀង​មេមត់​។ ក្នុង​ពិធី​លៀង​នេះដែរ រូប​ស្នង​ក៏​បញ្ជាន់​មេមត់​ដែលជា​គ្រូ​កំណើត ឬ​ចំបួរ​របស់ខ្លួន​ឡើង​រាំ​តាម​ចង្វាក់ភ្លេង ហើយ​អ្នកខ្លះ​គេ​ឆ្លៀត​មករក​មើល​ពី​វិបត្តិ​តូច ធំ​ផ្ទាល់ខ្លួន ឬ​គ្រួសារ ហើយ​ជួនកាល​មេមត់​ហ្នឹង​ក៏​ព្យាបាល​អ្នក​ជម្ងឺ ដោយ​ស្តោះព្រួស​ក្នុងពេល​លៀង​នោះ​ទៀតផង​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៣ កើត ខែមាឃ ត្រូវ​នឹង​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤ និង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែមាឃ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ នៅ​ភូមិ​នគរ​ក្រៅ​នឹងមាន​រៀបចំ​ពិធី​លៀង​មេមត់​នៅផ្ទះ​យាយ​គង់ និង​នៅផ្ទះ​យាយ​អុល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close