នាវា​ទេសចរណ៍​ខ្នាត​ធំ ១​គ្រឿង​ទៀត ដឹក​ភ្ញៀវទេសចរ​ជិត​១​ពាន់​នាក់ បាន​ចូល​ចត​នៅ​ខេត្ត​ព្រះសីហនុ​លើក​ទី​៣

​នាវា​ទេសចរណ៍​ខ្នាត​ធំ ១​គ្រឿង បាន​ចូល​ចត​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤ ផ្ទុក​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ និង​នាវិក​ចំនួន ៩៨១​នាក់ មកលេង​កម្សាន្ត​ប្រទេស​កម្ពុជា លើក​ទី​៣ រយៈពេល​១​ថ្ងៃ​។​

​របាយការណ៍​បានឱ្យដឹងថា នាវា​នេះ មានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas ដែលមាន​ចំនួន​នាវិក​ចម្រុះ​ជាតិ​សាសន៍ (៤៧​សញ្ជាតិ​) ៤២០​នាក់ (​ស្រី​៩៩) មាន​ផ្ទុក​ភ្ញៀវទេសចរ​ចំនួន ៥៦១​នាក់ ស្រី​២៨៦ ក្នុងនោះ​មាន​ជាតិ​សាសន៍​សរុប​ចំនួន ២៨​សញ្ជាតិ​។​

​របាយការណ៍​ដដែល​បាន​បន្តថា នាវា​ទេសចរណ៍​មួយ​នេះ​នឹង​ចាក​ចេញពី​ខេត្ត​ព្រះសីហនុ នា​វេលា​ម៉ោង​០៨​យប់ ថ្ងៃទី​២២ ខែកុម្ភៈ​នេះ​ដដែល ដើម្បី​បន្ត​ឆ្ពោះទៅ​កម្សាន្ត​នៅ​ប្រទេស​វៀតណាម​។​

​សូមជម្រាបថា នាវា​ទេសចរណ៍​ខ្នាត​ធំ ១​គ្រឿង​នេះ ក៏​ធ្លាប់​ចូល​ចត​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ លើក​ទី​១ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមករា និង​លើក​ទី​២ នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយ​កាលណោះ​ផ្ទុក​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ និង​នាវិក​ប្រមាណ​ជិត​១​ពាន់​នាក់​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close