ជប៉ុន នឹងចំណាយថវិកា ៦៦០លានដុល្លារបន្ថែម លើការងារកសាងឡើងវិញ បន្ទាប់ពីគ្រោះរញ្ជូយដី
ប្រទេសជប៉ុន នឹងចំណាយថវិកាបន្ថែមចំនួន ៦៦០លានដុល្លារ សម្រាប់ការងារសាងសង់ឡើងវិញក្នុងតំបន់ដែលរងគ្រោះដោយរញ្ជួយដី កាលពីថ្ងៃឆ្លងឆ្នាំសកល នាំឱ្យថវិកាចំណាយសរុបលើកិច្ចការនេះកើនឡើងដល់ ១.៧ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤។
ការប្រកាសចំណាយបន្ថែមនេះ ធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី Fumio Kishida ក្នុងពេលចុះពិនិត្យស្ថានភាពតំបន់រងគ្រោះកាលពីចុងសប្តាហ៍មុន។ លោក Kishida បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯទីក្រុង Wajima ដែលរងគ្រោះខ្លាំងជាងគេ យ៉ាងដូច្នេះថា «លក្ខខណ្ឌរស់នៅក្នុងទីជម្រកបណ្តោះអាសន្នមិនអីទេ ប៉ុន្តែខ្ញុំចាំថា ការពិតនៅតែលំបាកដូចសព្វដង។ តាមបទពិសោធន៍កន្លងមក រដ្ឋាភិបាលត្រូវតែផ្តល់ការគាំទ្របន្ថែម»។
លោក Kishida បានឱ្យដឹងបន្ថែមថា ថវិកាបន្ថែមចំនួន ១០០ពាន់លានយេន ឬស្មើនឹង ៦៦០លានដុល្លារ ដែលយកចេញពីមូលនិធិបម្រុងប្រចាំឆ្នាំ និងសម្រាប់បម្រើដល់ការងារសង្គ្រោះគ្រោះមហន្តរាយ ឬស្ថានការណ៍ផ្សេងៗ ត្រូវបានកំណត់ថានឹងអនុម័តដោយគណៈរដ្ឋមន្ត្រី នៅប៉ុន្មានថ្ងៃខាងមុខនេះ។
ថវិកាបន្ថែមថ្មីនេះ នឹងផ្តល់ហិរញ្ញប្បទានដល់ប្រព័ន្ធឧបត្ថម្ភធន ដែលស្វែងរកការជួយដល់គ្រួសារដែលចិញ្ចឹមក្មេងៗ ក៏ដូចជាសាងសង់ផ្ទះរបស់ពួកគេឡើងវិញ។ បើតាមលោកនាយករដ្ឋមន្ត្រី នឹងមានការពន្លឿនការងារសាងសង់លំនៅដ្ឋានបណ្តោះអាសន្ន ហើយគាំទ្របន្ថែមទៀតសម្រាប់ឧស្សាហកម្មវត្ថុបុរាណ ក្នុងទីក្រុង Wajima នៃតំបន់ Ishikawa។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃឆ្លងឆ្នាំសកល ការរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ បានបំផ្លិចបំផ្លាញយ៉ាងធំធេងលើផ្នែកជាច្រើននៃតំបន់ Ishikawa ដែលស្ថិតនៅលើឆ្នេរសមុទ្រជប៉ុន ហើយបណ្តាលឱ្យមនុស្សចំនួន ២៤១នាក់ស្លាប់ ប៉ះពាល់ដល់មនុស្សច្រើនជាង ១០,០០០នាក់៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។