កូរ៉េខាងជើង បញ្ជូន​អាវុធ ៦៧០០​កុងតឺន័រ ទៅឱ្យ​រុ​ស្ស៉ី​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​អង្គារ ទី​២៧ ខែកុម្ភៈ​បាន​រាយការណ៍​ថា​កូរ៉េខាងជើង​បាន​ដឹកជញ្ជូន​អាវុធ ៦៧០០​កុងតឺន័រ ទៅឱ្យ​រុ​ស្ស៉ី ចាប់តាំងពី​ខែកក្កដា ឆ្នាំមុន​មក ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុង​សង្គ្រាម​ប្រឆាំង​អ៊ុយ​ក្រែ​ន​។ នេះ​បើតាម​ដកស្រង់​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ សារព័ត៌មាន Reuters​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង ធ្វើ​សេចក្ដីរាយការណ៍​បែបនេះ​ដោយ​ផ្អែកលើ​ការ​ស្រង់​សម្ដី​ពី​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង លោក Shin Won-sik ដែល​បានលើកឡើង​ក្នុង​ស​ន្នី​សីទ​សារព័ត៌មាន​ខ្លី​មួយ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​ថា កុងតឺន័រ​ខាងលើ​អាចមាន​ផ្ទុក​គ្រាប់កាំភ្លើង​ធំ​១៥២ មី​លី​ម៉ែត្រ ច្រើនជាង ៣​លាន​គ្រាប់ ឬ​គ្រាប់កាំភ្លើង​ធំ ១២២​មី​លី​ម៉ែត្រ ៥០០ ០០០​គ្រាប់​។ លោក Shin បន្ថែមទៀតថា​វា​អាចទៅរួច​ដែរ​ថា​កុងតឺន័រ​ទាំងនោះ អាចមាន​ផ្ទុក​គ្រាប់កាំភ្លើង​ធំ​ទាំង​២​ប្រភេទ​នេះ​តែម្ដង ក្នុង​ចំនួន​រាប់លាន​គ្រាប់​។​

​គួរ​បញ្ជាក់ថា ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​វ៉ាស៊ីនតោន បាន​ចោទប្រកាន់​ទីក្រុង​ព្យុងយ៉ាង និង​ទីក្រុង​មូ​ស្គូ ពី​ការជួញដូរ​អាវុធ ហើយ​បាន​ថ្កោលទោស កូរ៉េខាងជើង​សម្រាប់​ការផ្គត់ផ្គង់​អាវុធ​ទៅឱ្យ​រុ​ស្ស៉ី ដើម្បី​ប្រើប្រាស់​ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​។ កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក្រសួងការបរទេស​អា​មេ​រិ​ក ក៏បាន​ឱ្យដឹង​ដែរ​ថា​កូរ៉េខាងជើង​បានប្រគល់​អាវុធ ឬ​បរិក្ខារ​យោធា​ជាង ១០,០០០​កុងតឺន័រ​ទៅឱ្យ​រុ​ស្ស៉ី ចាប់តាំងពី​ខែកញ្ញា​ឆ្នាំមុន​មក ខណៈ​ជា​ថ្នូរ​មកវិញ កូរ៉េខាងជើង​ទទួលបាន​សម្ភារៈ ៩០០០​កុងតឺន័រ ក្នុងនោះ​ភាគច្រើន​ជា​ស្បៀងអាហារ​ពី​រុ​ស្ស៉ី​។ ប៉ុន្តែ ទាំង​រុ​ស្ស៉ី និង​កូរ៉េខាងជើង​បាន​ច្រានចោល ការចោទប្រកាន់​របស់​អាមេរិក និង​កូរ៉េខាងត្បូង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close