តុលាការ សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន ៣​នាក់ ពាក់ព័ន្ធ​ករណី​ថ្នាំញៀន​ជាង ២២​គីឡូក្រាម​

​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាននិងកំពុង​ចាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ លេខ​១២៥៨ ចុះ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ទាក់ទិន​នឹង​ករណី ផលិត រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រភេទ​(MDNA) ទម្ងន់ ១៦១៣៦,១២​ក្រាម ប្រភេទ​កេ​តា​មីន ទម្ងន់ ៣៦០​ក្រាម ប្រភេទ​នី​មេ​តា​ហ្សេ​ប៉ា​ម ទម្ងន់​១,៩៨ ក្រាម និង​ប្រភេទ​ម្សៅ​ចម្រុះ​ពណ៌ ទម្ងន់​៥៦២២​ក្រាម ដែលមាន​ជន​ត្រូវ​ចោទ មានខ្លួន​ចំនួន​៣​នាក់​។​

​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​មានខ្លួន ចំនួន​៣​នាក់​នោះ​រួមមាន​៖ ១៖​ឈ្មោះ WU ZONG WEI, ២៖​ឈ្មោះ LIN YING KUAN, ៣៖​ឈ្មោះ ZHUANG SHI KAI និង​ជន​ត្រូវ​ចោទ​ចំនួន​២​នាក់​ទៀត កំពុង​គេចខ្លួន ត្រូវបាន​ចោទប្រកាន់​ពីបទ ផលិត រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត នៅ​ផ្លូវ​បេតុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​នៅ​បន្ទប់​លេខ​១០២ ជាន់​ទី​១ នៃ​ខុន​ដូ PALMHOUSE ផ្លូវ​លេខ​៦៣ សង្កាត់​បឹង​កេងកង ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឱ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៧ និង​មាត្រា​៤៨ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។​

​បន្ទាប់ពី​បាន​សួរចម្លើយ​ជន​ត្រូវ​ចោទ និង​បាន​ពិនិត្យ​ភស្តុតាង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់ ដូច​បានបញ្ជាក់​ខាងលើ ដើម្បី​បន្ត​ការ​ស៊ើបសួរ តាម​នីតិវិធី​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close