Meta ប្រកាស​ឈប់​បង់ប្រាក់​ដល់​មាតិការ​ព័ត៌មាន ក្នុងប្រទេស​ចំនួន​៣

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក Meta ដែលជា​មេ​ធំ​របស់ Facebook បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ថា ខ្លួន​នឹងមិន​ចូលទៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​សម្រាប់​មាតិកា​ព័ត៌មាន​ប្រពៃណី (traditional news) ក្នុងប្រទេស​អូស្ត្រាលី បារាំង និង​អាល្លឺម៉ង់​ទេ​។ ពោលគឺ Meta នឹងមិន​យល់ព្រម​តាមច្បាប់​ថ្មី​ដែល​តម្រូវឱ្យ​បង់ប្រាក់​ដល់​មាតិការ​ព័ត៌មាន​ប្រពៃណី​ដូចជា ទូរទស្សន៍ វិទ្យុ និង​ការ​សែត​នោះទេ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters នៅ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២៤​។​

Meta បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ «​បន្ថែម​ពីលើ​នេះ​, ដើម្បី​ធានាថា​យើ​នឹង​បន្ត​វិនិយោគ​លើ​ផលិតផល និង​សេវាកម្ម​ដែល​ជំរុញឱ្យមាន​ការចូលរួម​ពី​អ្នកប្រើប្រាស់​ជាច្រើន យើង​នឹងមិន​ចូលទៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី ឬ​អនុវត្ត​ច្បាប់​ថ្មី​ដែល​តម្រូវឱ្យ​បង់ប្រាក់​សម្រាប់​មាតិកា​ព័ត៌មាន​ប្រពៃណី​នៅក្នុង​ប្រទេស​ទាំង ៣​នេះ ហើយ​យើង​ក៏​មិន​ផ្តល់ជូន​នូវ​ផលិតផល Facebook ថ្មី​ជាពិសេស សម្រាប់​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​ថ្មី​នាពេល​អនាគត​ផងដែរ​»​។​

​យ៉ាងណាមិញ​អំពី​បញ្ហា​នេះ Meta ធ្លាប់បាន​ក្រើនរំលឹក​ទៅ​អូស្ត្រាលី​ជាច្រើនលើក​ច្រើនសារ​រួចមក ជុំវិញ​លក្ខខណ្ឌ​តម្រូវឱ្យ​ខ្លួន​បង់ប្រាក់​ឱ្យ​អ្នក​ផ្សាយ​សម្រាប់​មាតិការ​ព័ត៌មាន ខណៈ​ច្បាប់​ថ្មី​ដូចគ្នានេះ​ត្រូវបាន Meta បាន​អនុវត្ត​បិទ​មាតិការ​ព័ត៌មាន​នៅក្នុង​ប្រទេស​កា​ដា​ណា​តែម្តង​។​

​ជំនួយការ​ហិ​រ​ញ្ញិ​ក​អូស្ត្រាលី​លោក Stephen Jones បាន​រិះគន់​ការសម្រេចចិត្ត​របស់ Meta ក្នុងការ​បញ្ឈប់​ការបង់ប្រាក់​សម្រាប់​មាតិកា​ព័ត៌មាន​នៅក្នុង​ប្រទេស​អូស្ត្រាលី អាល្លឺម៉ង់ និង​បារាំង ដោយ​បញ្ជាក់ថា​វា​តំណាងឱ្យ​ការបដិសេធ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ចំពោះ​និរន្តរភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អូស្ត្រាលី​។ លោក​បាន​បន្តទៀតថារ​ដ្ឋា​ភិ​បាល​កំពុង​ស្វែងរក​ដំបូន្មាន​ពី​រតនាគារ និង​គណៈកម្មការ​ប្រកួត​ប្រជែង និង​អ្នកប្រើប្រាស់​អូស្ត្រាលី​លើ​ជំហាន​បន្ទាប់​របស់ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​ការសម្រេចចិត្ត​របស់ Meta​។​

​តែ​យ៉ាងណា​ចំពោះ​ការសម្រេចចិត្ត​របស់ Meta ឆ្លើយតប​ទៅនឹង​ច្បាប់​ថ្មី​នេះ ជា​គំរូ​ទៅដល់​ប្រទេស​ដទៃទៀត មិន​ត្រឹមតែ​មិន​ទទួលបាន​ការបង់ប្រាក់​សម្រាប់​អ្នក​ផ្សព្វផ្សាយ​មាតិកា​ព័ត៌មាន​បែប​ប្រពៃណី​នោះទេ ថែមទាំង​ប៉ះពាល់​ដល់​អ្នក​ផ្សាយ​ព័ត៌មាន​បែប​ទំនើប ពោល​គឺអាច​ប្រឈមមុខ​នឹង​ការបិទ​មាតិការ​ព័ត៌មាន​ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close