iPhone SE 4 នឹងប្រើប្រាស់តួរបស់ iPhone 14
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា កំពុងធ្វើការលើ iPhone SE ជំនាន់ទី៤ ឬ iPhone SE 4 ដែលបំពាក់ដោយអេក្រង់ OLED ជាលើកដំបូងក្នុងត្រកូលស្មាតហ្វូនតម្លៃទាប។ ដោយឡែកតាមរយៈរូបភាព Renders ថ្មីនេះបានបង្ហាញបន្ថែមទៀតថា iPhone SE 4 នឹងប្រើប្រាស់តួខ្លួនរបស់ iPhone 14 ដែលមើលទៅមានរូបរាងស្ទើរតែដូចគ្នាទៅនឹង iPhone 12 និង iPhone 13។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។
បើតាម CAD renders នៅថ្ងៃចន្ទសប្តាហ៍នេះ បានបង្ហាញពីរូបរាងស្មាតហ្វូនជំនាន់ថ្មី iPhone SE 4 ជាមួយនឹងរូបរាងផ្នែកខាងមុខដូចទៅនឹង iPhone 14 រួមជាមួយនឹងស្នាមអេក្រង់ Notched ប៉ុន្តែខ្នងខាងក្រោយនៅរក្សារូបរាងដើមដូចទៅនឹងជំនាន់ iPhone SE 2 ឬ iPhone SE ឆ្នាំ២០២២។ យ៉ាងណាមិញតាមរយៈរូបភាព renders ត្រូវបានគេកត់សម្គាល់ថា Apple មិនបានបំពាក់ប៊ូតុង Action ឬ Mute switch នៅជាប់កន្លែងដំឡើងសម្លេងដូចម៉ូដែលមុនៗនោះទេ។
ដោយឡែកចំពោះមុខងារនៅលើ iPhone SE 4 នេះមិនត្រូវបានគេបង្ហាញនោះទេ ហើយគេក៏មិនច្បាស់ដែលថាតើ Apple នឹងនៅរក្សាសេនស័រកាមេរ៉ាទំហំ ១២មេហ្គាភិចស៊ែដូចមុនដដែល ឬ ណែនាំកាមេរ៉ាថ្មីដែលមានភ្ជាប់មកជាមួយនឹង Night Mode ដូចមុខងារនៅលើ iPhone នាពេលបច្ចុប្បន្ននេះ។
គួរជម្រាបដែរថា iPhone SE 4 ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅលើទីផ្សារក្នុងឆ្នាំ២០២៥ ខាងមុខនេះ ប៉ុន្តែពេលវេលាអាចនឹងផ្លាស់ប្តូរ ខណៈអ្នកនៅក្នុងឧស្សាហកម្មបានបង្ហើបថា ការផលិតជិតរួចរាល់ ១០០ភាគរយហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។