ក្រុមហ៊ុន Huawei ប្រកាសបើកvivo ប្រើប្រាស់បច្ចេកវិទ្យា5G ជាសកល

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ាតង់ជាមួយក្រុមហ៊ុនផលិតទូរស័ព្ទដៃចិន vivo មួយខែបន្ទាប់ពី បានចុះកិច្ចព្រមព្រៀងជាមួយ Nokia។ នេះបើយោតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។

យោងតាមប្រភពមួយចំនួនបានបង្ហើបឱ្យដឹងថា vivo បានយល់ព្រមបង់ថ្លៃសួយសារក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹក ដើម្បីបើកទ្វារឱ្យខ្លួន បានការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ដែលជាអ្នកកាន់កាប់ប៉ាតង់ 5G នៅជុំវិញពិភពលោក។

លោក Alan Fan ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Huawei បាននិយាយថា កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពី «ការគោរពគ្នាទៅវិញទៅមក និងទៅលើតម្លៃនៃប៉ាតង់របស់គ្នាទៅវិញទៅមក។ វានឹងត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុនទាំងពីរធ្វើការជាមួយគ្នានៅពេលអនាគត»។លោកបានបន្ថែមថា ក្រុមហ៊ុនទាំងពីរកំពុងរួមគ្នាផ្តល់មូលនិធិដល់ការស្រាវជ្រាវ ហើយប្តេជ្ញាធ្វើស្តង់ដារ និងចែករំលែកផ្លែផ្កានៃការច្នៃប្រឌិត។

ពាក់ព័ន្ធនឹងព័ត៌មាននេះផងដែរ ខាងក្រុមហ៊ុន vivo មិនទាន់បានចេញសេចក្ដីថ្លែងការណ៍នោះទេ។ ក្រៅពីចុះកិច្ចព្រមព្រៀងជាមួយ vivo ហើយនោះ មិនដល់ពេល ២៤ម៉ោងផង ក្រុមហ៊ុន Huawei បានចុះកិច្ចព្រមព្រៀងដ៏ធំ និងថ្មីមួយទៀតជាមួយក្រុមហ៊ុន Amazon ក្នុងការនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកមួយនេះ ប្រើប្រាស់ WiFi និងបច្ចេកវិទ្យាប៉ាតង់ដែលទាក់ទងនឹងការចាក់វីដេអូនៅក្នុងប្រទេសអាល្លឺម៉ង់ និងទូទាំងពិភពលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close