នាវាទេសចរណ៍ខ្នាតយក្ស ១គ្រឿង ផ្ទុកភ្ញៀវ ៩០០នាក់ ចូលចតនៅខេត្តព្រះសីហនុលើកទី៤

នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៨៨៥នាក់ ដោយធ្វើដំណើរចេញពីប្រទេសវៀតណាម មកលេងកម្សាន្តប្រទេសកម្ពុជា លើកទី៤។

របាយការណ៍បានឱ្យដឹងថា នាវានេះ មានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៤៦សញ្ជាតិ) ៤២២នាក់ (ស្រី១០០) មានផ្ទុកភ្ញៀវទេសចរចំនួន ៤៦៣នាក់ ស្រី២៣៥ ក្នុងនោះមានជាតិសាសន៍សរុបចំនួន ២៤សញ្ជាតិ។

របាយការណ៍ដដែលបានបន្តថា នាវាទេសចរណ៍មួយនេះនឹងចាកចេញពីខេត្តព្រះសីហនុ នាវេលាម៉ោង០៨យប់ ថ្ងៃទី១១ ខែមីនានេះដដែល ដើម្បីបន្តឆ្ពោះទៅកម្សាន្តនៅប្រទេសថៃ។

សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងនេះ ក៏ធ្លាប់ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ លើកទី១ កាលពីព្រឹកថ្ងៃទី១១ ខែមករា លើកទី២ នៅថ្ងៃទី០៩ ខែកុម្ភៈ និងលើកទី៣ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយកាលណោះផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកប្រមាណជិត១ពាន់នាក់ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close