ប្រទេសចំនួន៣ ប្រកាសអាសន្នពីរលកស៊ូណាមិ ក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ

គ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរមួយ ៧.៤រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរភាគខាងកើតកោះតៃវ៉ាន់ ព្រឹកថ្ងៃពុធ ទី៣ ខែមេសានេះ ដោយជំរុញឱ្យមានការប្រកាស អាសន្នពីរលកស៊ូណាមិសម្រាប់កោះភាគខាងត្បូងនៃប្រទេសជប៉ុន រួមទាំងហ្វីលីពីន និងការណែនាំឱ្យជម្លៀសប្រជាជន ទៅកាន់ទីទួលមានសុវត្ថិភាព។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមទីភ្នាក់ងារឧតុនិយមជប៉ុន រលកស៊ូណាមិមានកម្ពស់ ៣ម៉ែត្រ ត្រូវបានរំពឹងថាអាចនឹងកើតមានភ្លាមៗនៅឯកោះដាច់ស្រយាលមួយរបស់ជប៉ុន ស្ថិតនៅក្បែរកោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងកោះ Miyakojima ផងដែរ។ ជាមួយគ្នានោះដែរ ទូរទស្សន៍ NHK បានផ្សាយសេចក្ដីណែនាំរបស់អាជ្ញាឱ្យប្រជាជនរស់នៅក្នុងតំបន់រងផលប៉ះពាល់ ជម្លៀសខ្លួន។ «រលកស៊ូណាមិជិតមកដល់ហើយ។ សូមជម្លៀសខ្លួនជាបន្ទាន់។ កុំឈប់ និងកុំត្រឡប់ក្រោយឱ្យសោះ»។ នេះជាការអានការណែនាំពីអ្នកព័ត៌មានម្នាក់នៅលើ ទូរទស្សន៍ NHK។

ចំណែក តៃវ៉ាន់ និងហ្វីលីពីន វិញក៏បានប្រកាសអាសន្នពីរលកយក្សស៊ូណាមិ និងការណែឱ្យប្រជាជនជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាពផងដែរ ខណៈតៃវ៉ាន់អះអាងថា នេះជាគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរបំផុតដែលបានវាយប្រហារលើដែនកោះរបស់ខ្លួន ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ។ ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពី ជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។

គួរបញ្ជាក់ថា បើតាមវិទ្យាស្ថានភូមិវិទ្យាអាមេរិក USGS គ្រោះរញ្ជួយដីខាងលើមានកម្រិត ៧.៤រ៉ិចទ័រ និងមានចំណុចកណ្ដាលស្ថិតនៅចម្ងាយ១៨គីឡូម៉ែត្រពីទីក្រុង Hualien នៃភាគខាងត្បូងកោះតៃវ៉ាន់ ជាមួយជម្រៅរញ្ជួយ៣៤.៨គីឡូម៉ែត្រ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថាគ្រោះរញ្ជួយដីនេះមានកម្រិង ៧.៥រ៉ិចទ័រ៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close