ចិន រកឃើញសារធាតុពុលកាដមីញ៉ូមលើផ្លែទុរេន និងបញ្ជូនទៅវៀតណាមវិញ

នាយកដ្ឋានការពាររុក្ខជាតិវៀតណាមបានឱ្យដឹងថា ប្រទេសចិនបានបញ្ជូនផ្លែទុរេនត្រឡប់ ទៅឱ្យវៀតណាមវិញចំនួន ៣០ជើង ដោយលើកឡើងពីការរកឃើញសារធាតុពុលកាដមីញ៉ូម (cadmium) គិតចាប់តាំងពីប្រទេសនេះ បានចាប់ផ្តើមនាំចេញផ្លែឈើប្រភេទនេះជាផ្លូវការ នៅក្នុងខែកញ្ញា ឆ្នាំ២០២២។

លោក Nguyen Quang Hieu ប្រធានផ្នែកសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិនៃនាយកដ្ឋានការពាររុក្ខជាតិវៀតណាម ត្រូវបានដកស្រង់សម្ដីដោយកាសែត VN Express របស់វៀតណាម ខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទថា ទំហំផ្លែទុរេនដែលបានបញ្ចូនត្រលប់ទៅវិញនេះ ស្មើនឹង ០,០១% នៃការនាំចេញទុរេនសរុប ក្នុងអំឡុងពេលនោះ។

លោកបន្តថា បញ្ហានេះមិនប៉ះពាល់ដល់ការនាំចេញទុរេននៅឡើយទេ ប៉ុន្តែវាជាការព្រមានធ្ងន់ធ្ងរដល់អ្នកផលិត។ លោកបន្តថា នាយកដ្ឋានរបស់លោកនៅមិនទាន់កំណត់អត្តសញ្ញាណ ប្រភពសារធាតុកាដាមមីញ៉ូមនៅឡើយទេ ដែលវាអាចបណ្តាលមកពីដី ទឹក ឬការបំភាយឧស្ម័នចេញពីរោងចក្រនៅក្បែរនោះ។ លោកបានបន្ថែមថា វាក៏អាចមាននៅក្នុងទឹកដែលប្រើសម្រាប់លាងសម្អាតផលិតផលផងដែរ។

ខណៈពេលដែលមន្ត្រីកំពុងធ្វើការងារ ដើម្បីកំណត់ប្រភព នាយកដ្ឋានបានណែនាំអ្នកផលិតឱ្យរឹតបន្តឹងការគ្រប់គ្រងលើធាតុចូល និងការអនុវត្តការធ្វើកសិកម្ម ហើយពិនិត្យកម្រិតជាតិកាដមីញ៉ូម ឱ្យបានហ្មត់ចត់មុនពេលនាំចេញ។

យោងតាមកាសែត VN Express សមាគមន៍បន្លែនិងផ្លែឈើវៀតណាម បានទទួលស្គាល់ថា ប្រទេសចិនបានចេញការព្រមានជាច្រើន អំពីការរកឃើញសារធាតុពុលកាដមីញ៉ូម នៅក្នុងផ្លែទុរេនវៀតណាម ប៉ុន្តែការប្រកាសអាសន្នចុងក្រោយនេះ មានសម្ពាធកាន់តែខ្លាំង។

សមាគមនេះបានឱ្យដឹងថា ការបញ្ជូនត្រឡប់ទៅវិញលើកទីមួយ ពាក់ព័ន្ធនឹងការនាំចេញចំនួន ៦ជើងនៅក្នុងខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ និងលើកទីពីរមាន ២៣ជើងនៅចន្លោះខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤។

ក្នុងឆ្នាំ២០២៣ ប្រទេសចិនបាននាំចូលទុរេនវៀតណាមចំនួន ៤៩៣ ០០០តោនកើនឡើង ១ ១០៧% ដែលមានតម្លៃ ២,១ពាន់លានដុល្លារកើនឡើង ១ ០៣៦% ធៀបនឹងឆ្នាំ២០២២។ ប្រទេសវៀតណាមមានតំបន់ដាំដុះទុរេនចំនួន ៧០៨ទីតាំង និងមានកន្លែងវេចខ្ចប់ចំនួន ១៦៨កន្លែងដែលអនុលោមតាមស្តង់ដារគុណភាព នាំចូលរបស់ប្រទេសចិន។ នេះបើយោងតាមកាសែត VN Express៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close