មនុស្ស១១នាក់ក្នុងនោះមានជនជាតិឡាវម្នាក់ ត្រូវចោទប្រកាន់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាមនៅសៀមរាប

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បាន​ឱ្យដឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះថា ពាក់ព័ន្ធករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ដែល​សមត្ថកិច្ច​បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងដកហូតវត្ថុតាងរួមមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១២១ដុំ ទម្ងន់សរុប១២០.៦៨គីឡូក្រាម កាំភ្លើងខ្លី ចំនួន១ដើម ម៉ាកGLOCK និងទូរស័ព្ទដៃចំនួន២គ្រឿង កាលពីថ្ងៃទី១៩ ខែមេសា តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យជនជាតិខ្មែរចំនួន៦នាក់ និងជនជាតិឡាវចំនួន១នាក់ និងបក្ខពួក សរុបចំនួន១១នាក់ (ឃាត់ខ្លួនម្នាក់ គេចខ្លួន១០នាក់)។

ការចោទប្រកាន់ពាក់ព័ន្ធនឹងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និង បទល្មើសសម្អាតប្រាក់ ប្រព្រឹត្តនៅភូមិដូនស្វា ឃុំសំរោងយារ ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ មាត្រា៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្ដីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៩៣៦ អយឆ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវីធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close