Huawei ដណ្តើមបានចំណាត់ថ្នាក់លេខ១ នៃទីផ្សារស្មាតហ្វូនអេក្រង់បត់ជាលើកដំបូង
ក្រុមហ៊ុនវិភាគទីផ្សារស្មាតហ្វនសកល Counterpoint Research បានបង្ហាញរបាយការណ៍ថ្មីសម្រាប់ទីផ្សារស្មាតហ្វូនអេក្រង់បត់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ (គិតចាប់ពីខែមករា ដល់ខែមីនា) ដោយក្រុមហ៊ុនកូរ៉េខាងត្បូង Samsung បានធ្លាក់មកចំណាត់ថ្នាក់លេខ២ ជាលើកដំបូង ហើយ Huawei ទទួលបានចំណាត់ថ្នាក់លេខ១ ជំនួសវិញ និងលក់ស្មាតហ្វូនបានចំនួនច្រើនបំផុត។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។
នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុន Huawei ដណ្តើមបានតំណែងកំពូលចាប់តាំងពីវាត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកក្នុងខែឧសភា ឆ្នាំ២០១៩ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មទូរស័ព្ទរបស់ខ្លួន។
យ៉ាងណាមិញ បើយោងតាមទិន្នន័យថ្មីនេះបង្ហាញថា ក្រុមហ៊ុនចិន Huawei ទទួលបាន ៣៥ភាគរយនៃចំណែកទីផ្សារស្មាតហ្វូនអេក្រង់បត់សកល សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ ដោយកើនឡើង ២៥៧ភាគរយបើធៀបនឹងឆ្នាំមុន។ ចំពោះ Samsung វិញទទួលបាន ២៣ភាគរយ ហើយបន្តបន្ទាប់ Honor ទទួលបាន ១២ភាគរយ Motorola ទទួល ១១ភាគរយ និងក្រុមហ៊ុនផ្សេងទៀតសរុបទទួលបាន ១៩ភាគរយ។
ជុំវិញហេតុផលដែលធ្វើឱ្យ Huawei អាចដណ្តើមបានលេខ១ គឺដោយសារតែការប្រកាសចេញស្មាតហ្វូនថ្មីម៉ូដែល Mate X5 កាលពីខែកញ្ញា ឆ្នាំ២០២៣ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង ហើយបន្ទាប់មក Huawei បានពង្រឹងជំហររបស់ខ្លួនបន្ថែមទៀតជាមួយនឹងការចេញផ្សាយ Pocket 2 នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤។ ដោយឡែក ក្រុមហ៊ុន Samsung វិញគឺដោយសារតែការអវត្តនៅក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់អស់រយៈពេលជិតមួយឆ្នាំ ដែលបណ្តាលឱ្យប៉ះពាល់ដល់ចំណែកទីផ្សារខ្លួនរបស់ខ្លួន។ ប៉ុន្តែ Samsung នៅតែមានទំនុកចិត្តថាខ្លួននិងមានសង្ឃឹមវិញក្រោយការប្រកាស Samsung Z Fold 6 និង Flip 6 ដែលរំពឹងទុកក្នុងខែ កក្កដា ឆ្នាំ២០២៤ ខាងមុខនេះ៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។