រថយន្តធ្ងន់ ២គ្រឿង បុកគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់៧នាក់ និងរបួសធ្ងន់ម្នាក់ នៅផ្លូវជាតិ៧១C ស្រុកត្បូងឃ្មុំ

នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៤៖៣០នាទីទាបភ្លឺ នៅលើផ្លូវជាតិលេខ៧១C ត្រង់ចំណុចអណ្ដូងខួច ស្ថិតនៅភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធន់ធ្ងន់២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់៧នាក់ និងរងរបួសធ្ងន់ម្នាក់។

សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍នេះ បង្កដោយរថយន្តម៉ាកហ៊ីយុនដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ធំ 3A-3053 បើកបរដោយឈ្មោះ ឈាង ហ៊ាង អាយុ១៨ឆ្នាំ រស់នៅភូមិសំរោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បុកជាមួយ រថយន្តម៉ាកហ៊ីយុនដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខត្បូងឃ្មុំ 3A-4487 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរ បណ្ដាលឲ្យភ្លាមៗកន្លែងកើតហេតុ ។

បើតាមការវាស់វែងពីសមត្ថកិច្ចស្រុកត្បូងឃ្មុំ បានឲ្យដឹងថា រថយន្តទាំង២ បើកបរមានទិសដៅបញ្រ្ចាសទិសគ្នា រថយន្តពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរមកពីជើងទៅត្បូងប្រើប្រាស់ល្បឿន ទៅបុករថយន្ត ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-4487 បើកបរមកពីត្បូងទៅជើង បណ្តាលឲ្យរថយន្តទាំង២គ្រឿងកម្រិតធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ចំនួន៥នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ចំនួន៣នាក់ លុះបញ្ជូនទៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន បានស្លាប់នៅមន្ទីពេទ្យចំនួន២នាក់បន្ថែមទៀត សរុបស្លាប់៧នាក់ របួសធ្ងន់១នាក់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ ចុះមកដល់វាស់វែង និងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close