ដង្កូវហ្វូងបានរីករាលដាលដល់ ១២ខេត្ត ហើយការខូចខាតកសិផលពី១ ទៅ២ភាគរយ
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះបានថ្លែងថា កសិករត្រូវប្រយ័ត្នករណីផ្ទុះ ដង្កូវហ្វូង ពេលនេះវាបានរីករាលដាលដល់១២ខេត្តហើយ។ តាមការប៉ាន់ស្មានបឋម ផលប៉ះពាល់និង ខូចខាតស្ថិតក្នុងរង្វង់១ ទៅ២ភាគរយនៃដំណាំកំពុងដាំដុះ ភាគច្រើនទៅលើ ដំណាំស្រូវ និង ដំឡូងមី តែតួលេខនេះអាចនឹងកើនឡើងបន្តទៀតនាពេលខាងមុខ។
ឯកឧត្តម អនុរដ្ឋលេខាធិការបន្តថា តាមការវាយតម្លៃក្នុងពេលបច្ចុប្បន្ន ស្ថានភាពនេះ ស្ថិតនៅក្នុងដំណាក់កាលគ្រប់គ្រងបាននៅឡើយទេ ដោយហេតុថាយើងបានប្រតិកម្ម បានលឿន និងបងប្អូនប្រជាកសិករមានការចូលរួមបានយ៉ាងសកម្មនិងទូលំទូលាយ។ អ្នកជំនាញរបស់យើងរំពឹងទុកថា នៅពេលដែលមានភ្លៀងធ្លាក់មក ដង្កូវហ្វូងទាំងនេះនឹងស្លាប់ ទៅវិញ ហើយបញ្ហារីករាលដាលនឹងត្រូវបញ្ចប់។ ទោះជាយ៉ាងណា សូមបងប្អូនប្រជាកសិករ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានត្រួតពិនិត្យមើលដំណាំស្រែចម្ការរបស់ខ្លួនជាប្រចាំ និងឱ្យបានទៀងទាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ចៀសវាងនូវការខាតបង់ធ្ងន់ធ្ងរ មកលើផលដំណាំរបស់ខ្លួន។
ពេលនេះក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ កំពុងប្រើប្រាស់កម្លាំងសរុប និង មធ្យោបាយសរុបនៅទូទាំងប្រទេស បញ្ជូនមន្ត្រីជំនាញជាបន្ទាន់ទាំងកម្រិតក្រសួង កម្រិតមន្ទីរ និងកម្រិតឃុំ ដើម្បីចុះតាមដានវាយតម្លៃពីការរីករាលដាល ផ្សព្វផ្សាយពីវិធានការឆ្លើយតប ភ្លាមៗដល់បងប្អូនកសិករនៅតាមមូលដ្ឋាន និងអន្តរាគមន៍ផ្ទាល់ក្នុងករណីចាំបាច់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។