ធនាគារពិភពលោកអនុម័តហិរញ្ញប្បទានថ្មីតម្លៃ២៧៥លានដុល្លារ ជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា
ធនាគារពិភពលោក កាលពីថ្ងៃទី២០មិថុនា បានប្រកាសពីការអនុម័តកញ្ចប់ឥណទានថ្មីមួយទៀត មានតម្លៃ២៧៥លានដុល្លារសម្រាប់ជួយទ្រទ្រង់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច សម្រាប់រយៈពេលវែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក។
បើតាម ធនាគារពិភពលោក ហិរញ្ញប្បទានថ្មីនេះ មានប្រភពមកពីមូលនិធិមានអត្រាការប្រាក់ទាបរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា IDA សម្រាប់ប្រទេសកំពុងអភិវឌ្ឍ នឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ជំរុញកំណែទម្រង់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃផ្នែកឯកជន ពង្រឹងជំហរសារពើពន្ធរបស់ប្រទេស និងផ្ដល់ជំនួយដល់ក្រុមប្រជាជនងាយរងគ្រោះបំផុត។ សេចក្តីប្រកាសដដែលឱ្យដឹងទៀតថា ឥណទាននេះ គឺសម្រាប់គម្រោងដំណាក់កាលទី២ ស្តីពីហិរញ្ញប្បទានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មានភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលនៅរារាំងកិច្ចខិតខំរបស់កម្ពុជា ក្នុងងើបដើរចេញពីឥទ្ធិពលញាំញីរ៉ាំរ៉ៃមកលើសេដ្ឋកិច្ច ដោយជំងឺរាតត្បាតកូវីដ-១៩។
គួរជម្រាបថា ឥណទានតម្លៃ២៧៥លានដុល្លារនៅពេលនេះ គឺសម្រាប់បន្ថែមពីលើឥណទានតម្លៃ២៧៤លានដុល្លារអាម៉េរិក ត្រូវបានផ្ដល់ឱ្យកម្ពុជាកាលពីឆ្នាំ២០២២ សម្រាប់គម្រោងដំណាក់កាលទី១។ ការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជា ធ្លាក់ចុះកំណើនជាលើកដំបូងមិនធ្លាប់មាននោះទេ ក្នុងរយៈ២៥ឆ្នាំ ហើយការធ្លាក់ចុះនេះទៀតសោតមានសភាពធំធេងគួរសម នៅក្នុងចំណោមប្រទេសនៅតំបន់អាស៊ីបូព៌ា។ បច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជាបានស្ដារស្ថានភាពប្រសើរឡើងវិញហើយ ប៉ុន្តែកំណើននៅតែមិនទាន់អាចវិលទៅរកកម្រិតនៅមុនមានការផ្ទុះជំងឺរាតត្បាត នៅឡើយទេ។
ធនាគារពិភពលោក អះអាងថា ស្ថានភាពបែបនេះ ជាការឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោកជារួម គួបផ្សំនឹងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធនៃបែបផែនកំណើនរបស់កម្ពុជា។ ជាក់ស្តែងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធរបស់កម្ពុជារួមមាន ផលិតភាពមានកំណើនខ្សោយ ការអភិវឌ្ឍននៃមូលធនមនុស្សនៅមានកម្រិតទាប និងឧបសគ្គដល់ការបង្កើត និងការប្រកួតប្រជែងរបស់ធុរកិច្ចឯកជន។ កម្ពុជាក៏ងាយរងគ្រោះពីផលជះនៃការប្រែប្រួលអាកាសធាតុដែរ ជាពិសេសទឹកជំនន់ និងភាពរាំងស្ងួត។ ហេតុនេះគេជឿថា ឥណទានថ្មីនេះនឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាប្រឈមខាងលើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។