ក្រុមឈ្មួញ និង អាជីវករ អំពាវនាវសូមអោយថ្នាក់លើបើកភ្នែក មើលមេគយចល័ត ក្រុងប៉ោយប៉ែត សាំង ណន កំពុងប្រប្រឹត្តអំពើពុករលួយពេញបន្ទុក

លោក សាំង ណន ដែលគេស្គាល់ថា ជាមេគយចល័តក្រុងប៉ោយប៉ែត ឈរជើងនៅចំណុច ភូមិកូនដំរី សង្កាត់និមិត្ត ត្រូវបានក្រុមឈ្មួញ បានអោយដឹងថា មេគយចល័ត សាំង ណន មិនបង្ក្រាបឈ្មួញធំៗ ដែលដឹកទំនិញគិចពន្ធចេញពីច្រកប៉ោយប៉ែត ទៅ ខេត្ត បន្ទាយមានជ័យ និងភ្នំពេញទេ ព្រោះមេគយរូបនេះទទួលបានលាភសក្ការៈពីក្រុមឈ្មួញទាំងនោះយ៉ាងសប្បាយដោយគ្មានថ្នាក់ណាបើកភ្នែកមើល។

ទន្ទឹមនឹងនេះនៅពេលឈ្មួញតូចតាចនាំចូលទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់បន្តិចបន្តួច គឺត្រូវលោក សាំង ណន ប្រើអំណាចគាបយកលុយដោយគ្មានមេត្តា។

ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការដែលលោក សាំង ណន និងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់មេគយធំៗក្នុងខេត្តបន្ទាយមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។

ចំពោះបញ្ហានេះក្រុមឈ្មួញ និងអាជីវករបានអំពាវនាវដល់លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ជាមេគយធំ ឲ្យចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតី និងអំពើពុករលួយរបស់លោក សាំង ណន មេគយចល័តនៅក្រុងប៉ោយប៉ែត នេះផង។

បច្ចុប្បន្នលោក សាំង ណន ព្រមទាំងបក្ខពួកគាបយកលុយពីឈ្មួញនិងអាជីវករកាន់តែខ្លាំងឡើងៗ ទោះឈ្មួញនាំចូលទំនិញស្របច្បាប់ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុឲ្យលោកដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close