មនុស្ស ៥នាក់ស្លាប់ ក្នុងគ្រោះទឹកជំនន់ នៅភាគកណ្ដាលប្រទេសចិន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃអង្គារ ទី២៥ ខែមិថុនានេះបានរាយការណ៍ថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ហូរចុះពីលើភ្នំ នៅភាគកណ្ដាលនៃប្រទេស បានកើនដល់ ៥នាក់ ខណៈតំបន់មួយចំនួនទៀតក្នុងប្រទេសចិនកំពុងប្រឈមនឹងអាកាសធាតុដ៏ក្ដៅ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua ភ្លៀងធ្លាក់យ៉ាងខ្លាំងបានបង្កជាគ្រោះទឹកជំនន់ហូរចុះពីលើភ្នំ ក្នុងខេត្ត Hunan កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ដោយឡែក ទូរទស្សន៍រដ្ឋចិន CCTV នៅថ្ងៃអង្គារនេះ ដោយផ្អែកលើការដកស្រង់សម្ដីពីអាជ្ញាធរចិន ក៏បានឱ្យដឹងដែរថាមនុស្សម្នាក់ដែលបានបាត់ខ្លួនក្នុងគ្រោះទឹកជំនន់នៅតំបន់ Yuanling ត្រូវបានប្រទះឃើញ ថាបានស្លាប់ នាំឱ្យចំនួនអ្នកស្លាប់កើនដល់ ៥នាក់។

គួរបញ្ជាក់ថា ចិន បានជួបប្រទះនឹងអាកាសធាតុអាក្រក់ជាញឹកញាប់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រាប់ចាប់ពីគ្រោះទឹកជំនន់ រហូតដល់រលកកម្ដៅ។ នៅថ្ងៃអង្គារនេះដែរ អាជ្ញាធរចិនបានណែនាំឱ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះរលកកម្ដៅ តួយ៉ាងក្នុងទីក្រុងប៉េកាំង ជាទីដែលសីតុណ្ហភាពកើនឡើងលើស ៣៥អង្សាសេ៕

ប្រភព៖ Fresh Nwes

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close