សម្លាប់កម្មករ ២២នាក់ ក្នុងករណីភ្លើងឆេះរោងចក្រថ្មលីចូម នៅកូរ៉េខាងត្បូង

រោងចក្រថ្មលីចូមមួយ (Lithium) នៅកូរ៉េខាងត្បូង បានឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីថ្មជាច្រើនគ្រាប់បានផ្ទុះជាបន្តបន្ទាប់កាលពីថ្ងៃចន្ទ បណ្តាលឱ្យកម្មករស្លាប់ ២២នាក់ ដែលភាគច្រើនជាជនជាតិចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ភ្លើងឆេះ និងការផ្ទុះជាបន្តបន្ទាប់ បានឆាបឆេះរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុនផលិតថ្ម Aricell នៅទីក្រុងហ្វាសង់ (Hwaseong) ដែលជាតំបន់ឧស្សាហកម្មភាគនិរតីនៃទីក្រុងសេអ៊ូល។

មន្ត្រីពន្លត់អគ្គីភ័យបាននិយាយថា ជនរងគ្រោះទំនងជាបានស្លាប់ដោយសារឧស្ម័នពុលខ្លាំង ក្នុងរយៈពេលប៉ុន្មានវិនាទីបន្ទាប់ពីភ្លើងឆេះ និងមិនអាចគ្រប់គ្រងបាន។ មូលហេតុនៃការផ្ទុះនៅមិនទាន់ដឹងនៅឡើយ ហើយភ្លើងភាគច្រើនត្រូវបានពន្លត់ ក្នុងរយៈពេលប្រហែលប្រាំមួយម៉ោង។

លោក គីម ជីន-យ៉ង (Kim Jin-young) មន្ត្រីនៅស្ថានីយពន្លត់អគ្គីភ័យទីក្រុងហ្វាសង់ បានប្រាប់អ្នកសារព័ត៌មាន ដោយដកស្រង់ព័ត៌មានពីមន្ត្រីក្រុមហ៊ុនថា ក្នុងចំណោមអ្នកស្លាប់មានកម្មករចិន ១៨នាក់ កូរ៉េខាងត្បូង ២នាក់ និងឡាវ ១នាក់។ អត្តសញ្ញាណរបស់កម្មករដែលបានស្លាប់ម្នាក់ទៀត មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

ភ្លើងឆេះត្រូវបានរាយការណ៍ជាលើកដំបូងនៅម៉ោង ១០:៣១នាទីព្រឹក (ម៉ោងក្នុងតំបន់) បន្ទាប់ពីការផ្ទុះជាបន្តបន្ទាប់នៃថ្មនៅក្នុងឃ្លាំងដែលមានថ្ម ៣៥,០០០គ្រាប់។

វីដេអូពីលើអាកាសបង្ហាញពីផ្សែងពណ៌សដ៏ធំសម្បើម កំពុងហុយចេញពីអគារ និងការផ្ទុះកំពុងឆាបឆេះពេញអគារ។ មន្ត្រីពន្លត់អគ្គីភ័យខេត្តគ្យង់គី (Gyeonggi) លោកជូ ស៊ុន-ហូ ( Cho Sun-ho) បាននិយាយថា កម្មករបរទេសភាគច្រើនដែលត្រូវបានសម្លាប់គឺជាកម្មករជួលបណ្តោះអាសន្ន ដែលទំនងជាមិនសូវស្គាល់រចនាសម្ព័ន្ធអគារនោះទេ។ ផ្សែង និងអណ្តាតភ្លើងបានឆាបឆេះក្នុងរយៈពេល ១៥ វិនាទី ហើយជនរងគ្រោះទំនងជាស្លាប់បន្ទាប់ពីស្រូបផ្សែងមួយ ឬពីរដង៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close