សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួងយុត្តិធម៌បង្កើនទម្ងន់ទោសលើករណីបាញ់ប្រហារក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងការសិក្សា និងរៀបចំបញ្ចូលនូវចំណុចខ្វះខាតទាំងឡាយក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ ដោយរួមបញ្ចូលទាំងការដាក់ទម្ងន់ទោសបន្ថែមចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវផងដែរ។
សំណើបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសបែបនេះកើតឡើង ក្រោយមានការបញ្ចេញមតិរបស់បុគ្គលមួយរូបដែលសម្ដេចយល់ថាសមហេតុផល ទាក់ទងនឹងករណីនៃការបាញ់ប្រហារសម្លាប់មនុស្សដែលប្រព្រឹត្តឡើងដោយជនល្មើសឈ្មោះ ស្រី ស៊ីណា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា៖ «ខ្ញុំបានពិនិត្យឃើញគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Vongchan Reaksmeidara ដែលបញ្ជាក់ថា គាត់ជាអ្នករៀនច្បាប់មួយរូប បានបញ្ចេញយោបល់ជុំវិញរឿងនេះ ដែលខ្ញុំពិនិត្យឃើញថាយោបល់របស់ ដារា គឺមានហេតុផលសមស្របទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់ ជាពិសេសការលើកឡើងអំពីចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន ដែលមិនបានចែងអំពីស្ថានទម្ងន់ទោសទាក់ទងនឹងករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើ ដែលមហាជនទូទៅថ្កោលទោស និងសម្ដែងប្រតិកម្មដោយខឹងសម្បារ»។
គណនីហ្វេសប៊ុកដដែល នេបានលើកឡើងក្នុងខមិនថា ក្រមព្រហ្មទណ្ឌបច្ចុប្បន្នមានចន្លោះប្រហោងដ៏ធំមួយ ដែលចាំបាច់ត្រូវកែប្រែ និងធ្វើបច្ចុប្បន្នភាព ហើយលោកបានសំណូមពរឱ្យ ពិនិត្យមើលក្រមព្រហ្មទណ្ឌពី មាត្រា១៩៩ ដល់ មាត្រា២០៥។ ពាក់ព័ន្ធនឹងករណីជនល្មើសឈ្មោះ ស្រី ស៊ីណា លោក ដារា បានសង្កត់ធ្ងន់ថា៖«ជាក់ស្តែង បើយោងតាមវីឌីអូរដែលគេបានបង្ហោះនៅលើបណ្តាញសង្គមយ៉ាងព្រោងព្រាត ឬយោងតាមអង្គហេតុនៅក្នុងសំណុំរឿងនោះ យើងឃើញថាជនល្មើសដកកាំភ្លើងបាញ់មនុស្សដូចបាញ់សត្វ។ គាត់បាញ់មនុស្សម្នាក់ហើយបាញ់មនុស្សម្នាក់ទៀត។ ឃើញមនុស្សដែលហូរឈាមនៅនឹងមុខហើយ គាត់អត់តក់ស្លុតទេក៏មិនបញ្ឈប់សកម្មភាពដែរ។ ផ្ទុយទៅវិញ គាត់ឆើតករចុះឡើងនិងរកមើលអ្នកដែលបានដួលទៅហើយ ដើម្បីបាញ់បន្ថែមទៀតដោយពុំមានចិត្តស្ដាយស្រណោះចំពោះជីវិតមនុស្ស និងហាក់ពុំមានអារម្មណ៍ស្ដាយក្រោយចំពោះទង្វើរបស់ខ្លួន។ ឥរិយាបថនេះបង្ហាញថាគាត់គ្មានមនុស្សធម៌ទេ»។
លោក ដារា បានបន្ថែមថា ដោយហេតុថាគ្មានច្បាប់ចែងឱ្យមានស្ថានទម្ងន់ទោសចន្លោះប្រហោងនៅក្នុងច្បាប់ព្រហ្មទណ្ឌនៅក្នុង ករណីនេះបាននឹងកំពុងតែអនុញ្ញាតឱ្យបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្មនៅក្នុងបទល្មើស។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ អាចគេចចេញពីទំហំទណ្ឌកម្មដែលគាត់គួរទទួល។ មួយទៀត ថ្វីដ្បិតតែឃាតកម្មនោះមិនបានគិតទុកជាមុន ឬគ្មានធាតុផ្សំគ្រប់គ្រាន់ ប៉ុន្តែបើយោងតាមចរិក លក្ខណៈ ចិត្តសាស្ត្រ ភាពមិនរាងចាល ឬភាពគឃ្លីន និងការប្រមាថរបស់ជនល្មើសដោយមិនកោតក្រែង ទៅលើជីវិតមនុស្ស គួរតែមានច្បាប់ចែងពីស្ថានទម្ងន់ទោសចំពោះករណីនេះ។ អ្នកសិក្សាផ្នែកច្បាប់រូបនេះបន្ដថា៖«ព្រោះបើមនុស្សម្នាក់បាញ់ មនុស្សម្នាក់ហើយបង្គំលាញ់មនុស្សម្នាក់ទៀត ហើយបានសម្លាប់មនុស្សដល់ទៅ២នាក់ មិនព្រមបោះបង់អំពើ ល្មើសដោយចិត្តឯង គ្មានការសោកស្ដាយ និងគ្មានការតក់ស្លុត នៅក្នុងស្ថានភាពចិត្តសាស្ត្រប្រក្រតីបែបនេះ ច្បាប់គួរតែចែងឱ្យមានស្ថានទម្ងន់ទោស ដើម្បីឱ្យគាត់ទទួលការអប់រំនៅក្នុងពន្ធនាគារយ៉ាងហោចក៏ ៣០ឆ្នាំ ដែរ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។