ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់ទី១២ ជាកន្លែងទាក់ទាញទេសចរណ៍ល្អបំផុតលើពិភពលោក

វេទិកា TripAdvisor’s Travelers Choice Awards បានចាត់ចំណាត់ថ្នាក់ប្រាសាទអង្គរវត្តជាកន្លែងទាក់ទាញទេសចរណ៍ល្អបំផុតទី១២ក្នុងពិភពលោក។ ប្រាសាទបុរាណរបស់ប្រទេសកម្ពុជានេះបានធ្វើឱ្យអ្នកធ្វើដំណើរមកពីជុំវិញពិភពលោកភ្ញាក់ផ្អើលជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យ ចម្លាក់ដ៏ប្រណិត និងប្រវត្តិសាស្ត្រដ៏សម្បូរបែប។ នេះបើយោងតាមក្រសួងទេសចរណ៍។

ស្ថាប័ន TripAdvisor ដដែលនេះក៏ធ្លាប់បបាន​ចាត់​ចំណាត់ថ្នាក់​ប្រាសាទអង្គរវត្ត​ជា​តំបន់​ទេសចរណ៍​ទាំង១០ ​លើ​ពិភពលោក​ដែល​ទេសចរ​ត្រូវតែ​មក​ទស្សនា​ថ្ងៃ​រះ​ដ៏​ល្អ​បំផុត​ផងដែរ។ ការវាយតម្លៃ​ដោយ​ក្រុមហ៊ុន TripAdvisor ម្ដងហើយម្ដងទៀតនេះ កំពុង​ឆ្លុះបញ្ចាំង​ពី​ការពិត​ថា​ប្រាសាទអង្គរវត្ត​មាន​ភា​ព​ទាក់ទាញ​។ ប្រាសាទ​នៅ​ខេត្តសៀមរាប​របស់​កម្ពុ​ជា​នៅតែ​ជា​កន្លែង​ដ៏​ទាក់ទាញ​នៅក្នុង​តំបន់ និង​ពិភពលោក ដោយសារ​គោលដៅ​ទេសចរណ៍វប្បធម៌​នេះ​បាន​លាក់ទុក​ប្រវត្តិសាស្ត្រ​ជាច្រើន​សម្រាប់​ភ្ញៀវទេសចរ​ក្នុងការ​ស្វែងយល់​អំពី​អរិយធម៌ និង​វប្បធម៌​របស់​កម្ពុជា​។​

សូមជម្រាបថា ប្រាសាទអង្គរវត្តទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣៤៧៥៣៤ នាក់ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កើនឡើង ៤៧% ពី ២៣៦៣៤១ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហគ្រាសអង្គរ។ ប្រាសាទអង្គរវត្តរកចំណូលបាន ១៦,៥ លានដុល្លារពីការលក់សំបុត្រនៅចន្លោះខែមករាដល់ខែមីនាឆ្នាំនេះ កើនឡើង ៤៧ ភាគរយពី១១,១លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close