បាក់ដំបូលព្រលានយន្តហោះនៅឥណ្ឌាសង្កត់មនុស្សម្នាក់ស្លាប់ និងតម្រូវឱ្យលុបចោលជើងហោះហើរមួយចំនួន
ផ្នែកមួយនៃដំបូលនៅច្រកចេញទី១ នៃអាកាសយានដ្ឋានញូវដេលីបានបាក់រលំនៅព្រឹកថ្ងៃសុក្រ ទី២៨ ហើយប្រតិបត្តិការជើងហោះហើរមួយចំនួនត្រូវបានបិទ។ ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលលោក គីនចារ៉ាពូ រ៉ាមម៉ូហាន់ ណៃដូ (Kinjarapu Rammohan Naidu) បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅអាកាសយានដ្ឋានមួយក្នុងចំណោមអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ប្រទេសនេះ។ លោកបានបញ្ជាឱ្យមានការស៊ើបអង្កេតជុំវិញហេតុការណ៍នេះ។ យ៉ាងហោចណាស់ជើងហោះហើរចំនួន១០ ត្រូវបានលុបចោល ហើយ ៤០ទៀតត្រូវបានពន្យារពេល។
លោក អាទូល ហ្កាក (Atul Garg) នាយកសេវាពន្លត់អគ្គីភ័យរដ្ឋធានីដេលីបានលើកឡើងថា មនុស្សចំនួនប្រាំបីនាក់បានរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយប្រតិបត្តិការជួយសង្គ្រោះត្រូវបានបញ្ចប់គិតមកទល់ពេលនេះ។ ក្រៅពីនេះ សេចក្តីថ្លែងការណ៍ពីអាកាសយានដ្ឋានបានបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោង ៥ព្រឹក (ម៉ោងនៅក្នុងប្រទេសឥណ្ឌា) ខណៈពេលវេលាថ្មើរនេះជាធម្មតាគឺជាពេលវេលាដ៏មមាញឹកសម្រាប់ជើងហោះហើរក្នុងស្រុកដែលដឹកមនុស្សឆ្លងកាត់ប្រទេស។
សូមជម្រាបថា តំបន់អាកាសយានដ្ឋានបានរងទឹកភ្លៀងប្រហែល ១៤៨,៥មិល្លីម៉ែត្រក្នុងរយៈពេល ៣ម៉ោងនៅព្រឹកព្រលឹម ពោលគឺច្រើនជាងមធ្យមភាគទាំងអស់សម្រាប់ខែមិថុនា។ នេះបើយោងតាមការិយាល័យអាកាសធាតុរបស់ប្រទេសឥណ្ឌា។ តំបន់ជាច្រើនផ្សេងទៀតនៃរដ្ឋធានីដេលីត្រូវបានជន់លិចផងដែរ។ សេវារថភ្លើងក្រោមដីក៏ត្រូវបានរងផលប៉ះពាល់ ហើយគ្រោះថ្នាក់ចរាចរណ៍ត្រូវបានរាយការណ៍កើតឡើងជាច្រើននៅរដ្ឋធានី ខណៈអ្នកស្រុកមួយចំនួននៅរដ្ឋធានីក៏បានត្អូញត្អែរជាខ្លាំងជុំវិញការដាច់ចរន្តអគ្គិសនី។ គួរបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ រួមទាំងមនុស្ស ៧នាក់ត្រូវបានផ្តាច់ជីវិតដោយសាររន្ទះបាញ់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។