ទុរេនវៀតណាម នាំចេញទៅកាន់ប្រទេសចិន មានតម្លៃជិត ១ពាន់លានដុល្លារ
ទិន្នន័យគយវៀតណាមបានបង្ហាញថា ប្រទេសវៀតណាមបាននាំចេញផ្លែទុរេនក្នុងតម្លៃ ៩១៩លានដុល្លារក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំនេះ កើនឡើង ៧៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមកាសែត VN Express។
តម្លៃនាំចេញនេះបានធ្វើឱ្យទុរេនក្លាយជាផ្លែឈើនាំចេញច្រើនជាងគេសម្រាប់វៀតណាមដែលច្រើនជាងផ្លែងស្រកានាគដែលជាប់ចំណាត់ថ្នាក់ទី២ ចំនួន ៣,៥ដង។
កាសែត VN Express បានរាយការណ៍ថា អគ្គនាយកដ្ឋានគយវៀតណាមបានរាយការណ៍ថា គ្រាន់តែក្នុងខែឧសភា ការនាំចេញផ្លែឈើដែលមានតម្លៃថ្លៃនេះមានតម្លៃ ៤៥០លានដុល្លារ ពោលគឺច្រើនជាងទ្វេដងធៀបនឹងតម្លៃកាលពីខែមេសា និងខ្ពស់ជាងខែឧសភាឆ្នាំមុន ៣៤%។
យោងតាមលោក Dang Phuc Nguyen អគ្គលេខាធិការសមាគមផ្លែឈើនិងបន្លែវៀតណាម (Vinafruit) បានប្រាប់កាសែត VN Express ថា សមាគមបានប៉ាន់ប្រមាណថា ការនាំចេញផ្លែទុរេនអាចមានចំនួន ៦០០លានដុល្លារក្នុងខែមិថុនា។ លោកបានបន្តថា ប្រទេសចិនគឺជាអ្នកនាំចូលទុរេនធំបំផុតរបស់វៀតណាមក្នុងឆ្នាំនេះ។
លោកបានបន្ថែមថា ប្រទេសវៀតណាមប្រមូលផលផ្លែទុរេនរយៈពេលពេញមួយឆ្នាំ ដោយជួយឱ្យវៀតណាមជៀសផុតពីការប្រកួតប្រជែងដោយផ្ទាល់ជាមួយទុរេនពីប្រទេសថៃ ដោយសារការប្រមូលផលទុរេនរបស់ប្រទេសថៃធ្វើឡើងទៅតាមរដូវធម្មជាតិ៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។