អាកាសយានដ្ឋានអន្ដរជាតិ «តារាសាគរ» នឹងបើកដំណើរការហោះហើរបណ្តោះអាសន្ន នៅដំណាច់ខែសីហា
អាកាសយានដ្ឋានអន្ដរជាតិ «តារាសាគរ» ស្ថិតនៅខេត្តកោះកុង ក្រោមការវិនិយោគ ដោយក្រុមហ៊ុនចិន Union Development Group (UDG) នឹងដាក់ឲ្យដំណើរការហោះហើរបណ្តោះអាសន្ននៅក្នុងបំណាច់ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ។
លោក ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា បើគ្មានអ្វីប្រែប្រួលទេការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើង នៅក្នុងដំណាច់ខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ ក្នុងកម្រិតបឋមដំណាក់កាលដំបូង ដោយប្រតិបត្តិការហោះហើរក្នុងស្រុកលក្ខណៈទ្រង់ទ្រាយតូចប៉ុណ្ណោះ ហើយក្នុងករណីក្រុមហ៊ុនមានគោលបំណងចង់ប្រតិបត្តិការហោះហើរលក្ខណៈអន្តរជាតិ ត្រូវស្នើសុំវិញ្ញាបនបត្រពីអាកាសចរណ៍ស៊ីវិលជាចាំបាច់។
លោកគូសបញ្ជាក់ថា បច្ចុប្បន្ននេះ អាកាសយានដ្ឋានតារាសាគរ សាងសង់បានប្រមាណជិត ១០០% ហើយ មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ក្នុងការធ្វើការប្រតិបត្តិការហោះហើរ ក្នុងស្រុក ដំណាក់កាលដំបូង សម្រាប់តែអាកាសយានប្រភេទ 2B ( charter flights – light aircraft with weight not more than 5,700kg)។
គម្រោងសាងសង់ «អាកាសយានដ្ឋានតារាសាគរ»ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាការវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់ប្រមាណជាង២០០លានដុល្លារអាម៉េរិក (៣០០លានដុល្លារ សម្រាប់ Phase 1 and Phase 2) លើផ្ទៃដី២១៨ ហិចតា និងមានដីបំរុងទុកជិត ១.០០០ហិកតា។ គម្រោងសាងសង់នេះ បានចាប់ដំណើរការកាលពីថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ២០១៦ ហើយត្រូវបានពន្យាពេលរហូតមកដល់បច្ចុប្បន្ន។
យោងតាមទិន្នន័យរបស់រដ្ឋលេខារដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា នៅរយៈពេល ៥ខែដំបូងឆ្នាំ ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសមានចំនួន ២,៦លាននាក់។ ប៉ុន្មានខែចុងក្រោយនេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសមានការធ្លាក់ចុះបន្តិច តែបើធៀបទៅនឹងខែមុន (ខែឧសភា ធៀបនឹងខែមេសា) ចំនួនអ្នកដំណើរមានការធ្លាក់ចុះប្រមាណជិត ៨%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។