ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង ២០៦លានដុល្លារ ក្នុង៥ខែឆ្នាំនេះ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះបានថ្លែងថា បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង បានកើនឡើងជាលំដាប់។

សម្តេចធិបតីបានថ្លែងទៀតថា នៅឆ្នាំ២០២៣កន្លងទៅនេះ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង មានទំហំទឹកប្រាក់ ៥១៥.២១ លានដុល្លារអាមេរិក និង ២០៦.៤១ លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៤។

ការថ្លែងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញបើកវេទិកាធុរកិច្ច​កម្ពុជា-បារាំងលើកទី២ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

សម្តេចបានថ្លែងទៀតថា ក្រុមហ៊ុនបារាំងជាច្រើន ដោយរាប់ចាប់ពីសហគ្រាសពហុជាតិ រហូតដល់សហគ្រាសធុនតូច និងមធ្យម បានបង្កើតមូលដ្ឋាននៅកម្ពុជា ដូចជា Vinci, Total Energies, Accor, BRED Bank និងសហគ្រាសធុនតូច និងមធ្យមជាច្រើនទៀត ដែលគ្រប់គ្រងដោយធុរជនបារាំង។

សម្តេចបន្ថែមថា «ការវិនិយោគពីបារាំង រួមចំណែកដល់ការបង្កើតការងារ, ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា»។

ជាមួយគ្នានេះ តាមរយៈវេទិកាធុរកិច្ច​កម្ពុជា-បារាំងលើកទី២ សម្តេចធិបតី សូមអញ្ជើញវិនិយោគិនបារាំងទាំងអស់ មកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង, ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប, និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់វិនិយោគិន និងធុរជន។

សម្តេចបន្ថែមថា «ខ្ញុំមានសុទិដ្ឋិនិយមថា បន្ទាប់ពីវេទិកានេះ, កម្ពុជានឹងទទួលបានទំហំវិនិយោគ និងធុរកិច្ចបារាំងខ្ពស់ ដែល បំបែកកំណត់ត្រាឆ្នាំមុនៗ»។

សូមជម្រាបថា បច្ចុប្បន្នប្រទេសបារាំង គឺជាដៃគូពាណិជ្ជកម្មទី ២របស់កម្ពុជានៅអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់។ ការនាំចេញរបស់បារាំងមកកម្ពុជា កាលពីឆ្នាំ២០២៣ បានកើនឡើងយ៉ាងខ្លាំងពោល គឺ៣១ភាគរយ បើធៀបនឹងឆ្នាំ២០២២ ជាពិសេសផលិតផលកសិអាហារ ឱសថ និងផលិតផលលោហៈ។ ចំណែកការនាំចេញរបស់កម្ពុជា មានវិស័យវាយនភ័ណ្ឌ ផលិតផលកសិអាហារ និងទោចក្រយាន៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close